ច្បាស់ហើយ! ទីបំផុត Solskjaer បង្ហើបប្រាប់ពីមូលហេតុពិត ដែលលោកសម្រេចប្តូរ Ronaldo ចេញ

លោក Ole Gunnar Solskjaer បានធ្វើការពន្យល់ប្រាប់ពីមូលហេតុ ដែលលោកបានផ្លាស់ប្តូរកីឡាករ Cristiano Ronaldo និង Bruno Fernandes ចេញ អំឡុងពេលក្រុម Manchester United ប្រកួតចាញ់ក្រុម Young Boys ។

Ole Gunnar Solskjaer , Cristiano Ronaldo

ជាក់ស្តែងក្រុមបិសាចក្រហម បានទទួលរងការបរាជ័យយ៉ាងអាម៉ាសនៅក្រោមថ្វីជើងរបស់ក្រុមស្វីស Young Boys ក្នុងលទ្ធផល ២-១ បើទោះបីជា Ronaldo បានស៊ុតគ្រាប់បាល់នាំមុខទៅលើក្រុមម្ចាស់ផ្ទះមុនក៏ដោយ ។

Cristiano Ronaldo

ប៉ុន្តែទោះជាយ៉ាងណា ក្រុមបិសាចក្រហម Manchester United  ត្រូវបាត់បង់សមាជិកមកសល់គ្នាត្រឹមតែ ១០ នាក់ប៉ុណ្ណោះ ក្រោយពីខ្សែការពារ Aaron Wan-Bissaka ទទួលបានកាតក្រហម នៅអំឡុងតង់ទី ១ ដែលបានធ្វើឲ្យ Young Boys ចាប់ផ្តើមដាក់សម្ពាធមកលើក្រុមរបស់គ្រូបង្វឹកលោក Solskjaer យ៉ាងខ្លាំង ។

Aaron Wan-Bissaka

មិនតែប៉ុណ្ណោះ​ ស្របពេលស្ថានការណ៍កំពុងតែតានតឹងខ្លាំង អ្នកគាំទ្រហាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោក Solskjaer បានសម្រេចចិត្តផ្លាស់ប្តូរ Ronaldo និង Fernandes ចេញ  និងបានដាក់ជំនួសវិញដោយ Lingard និង Nemanja Matic ខណ:ពេលការប្រកួតនៅសល់ ២០ នាទីទៀត ។

Cristiano Ronaldo

បន្ទាប់ពីនោះ ក្រុមម្ចាស់ផ្ទះបានមានឱកាសរកគ្រាប់បាល់តាមស្មើ តាមរយៈការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Moumi Ngamaleu ស្របពេលនៅចុងម៉ោងទៅហើយ កីឡាករ Jesse Lingard ដែលបានប្តូរជំនួស Ronaldo បែជាបង្កើតកំហុស ដោយធ្វើឲ្យកីឡាករ Jordan Siebatcheu មានឱកាសរកគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោង ។

Cristiano Ronaldo

យ៉ាងណា ដោយពន្យល់ពីមូលហេតុចំពោះការផ្លាស់ប្តូរកីឡាករទុយហ្កាល់ទាំង ២ រូបនេះចេញ លោក Solskjaer បាននិយាយថា ៖ “ ការប្រកួតបានលេងដល់ ៧០ នាទី ហើយពួកគេទាំង ២ ពិតជាធ្វើការធ្ងន់ណាស់ ទាំងនៅថ្ងៃសៅរ៍ និងការប្រកួតថ្ងៃនេះ ដូច្នេះវាអាចនឹងប៉ះពាល់ខ្លាំងដល់ពួកគេ ហើយយើងចង់ប្រើប្រាស់បទពិសោធន៍របស់ Nemanja ដើម្បីគ្រប់គ្រងបាល់ និងជើងរបស់ Lingard ផងដែរ ។  យើងត្រូវតែមើលថែ Cristiano ហើយខ្ញុំមានអារម្មណ៍ថាវាជាពេលដ៏ត្រឹមត្រូវ ដើម្បីប្តូរគាត់ចេញ ” ៕​

ប្រភព: Metro