តារាឆ្នើម R.Madrid ម្នាក់ សារភាពត្រង់ៗថាខ្លួន មានក្តីស្រមៃចង់កាន់ពាន Ballon d’Or នៅថ្ងៃណាមួយ

ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid បានសារភាពថាលោកនៅតែមានក្តីស្រមៃចង់ឈ្នះពានរង្វាន់ Ballon d’Or ឲ្យបានម្តង នៅថ្ងៃណាមួយក្នុងអាជីព ។

Karim Benzema

ជាក់ស្តែងកីឡាករសញ្ជាតិបារាំងរូបនេះ នៅតែបន្តបង្ហាញពីភាពសំខាន់របស់គេសម្រាប់ក្រុមយក្សអេស្ប៉ាញ បើទោះបច្ចុប្បន្នមានវ័យ ៣៣ ហើយក៏ដោយ ខណ:លោកអាចរកបាន ៥ គ្រាប់ និង assist ៤ លើកបន្ថែមទៀត នៅក្របខ័ណ្ឌ La Liga រដូវកាលឆ្នាំ ២០២១-២២ នេះ ។

Karim Benzema

ទោះយ៉ាងណា Benzema ហាក់មិនសូវទទួលបានលទ្ធផលល្អនៅក្នុងការប្រជែងពាន Ballon d’Or នេះនោះទេ ដោយចំណាត់ថ្នាក់ល្អបំផុតដែលខ្សែប្រយុទ្ធរូបនេះ ធ្លាប់ទទួលបានគឺនៅត្រឹមលេខ ១៦ ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៤ ។

ប៉ុន្តែយ៉ាងណាក៏ដោយ Benzema នៅតែបញ្ជាក់ថាខ្លួនមានក្តីសុបិនចង់ឈ្នះពានរង្វាន់បុគ្គលដ៏ល្បីល្បាញមួយនេះ នាថ្ងៃណាមួយ ស្របពេលលោកបាននិយាយប្រាប់សន្និសីទមុនការប្រកួតក្របខ័ណ្ឌ UCL ថា ​៖ “ [ការឈ្នះពានរង្វាន់ Ballon d’Or] មិនបានធ្វើឱ្យខ្ញុំគេងមិនលក់ឡើយ ប៉ុន្តែវាជាក្តីសុបិនរបស់កីឡាករគ្រប់រូប ។ អ្វីដែលខ្ញុំចង់បានគឺជួយក្រុម។ ពិតណាស់កីឡាករគ្រប់រូបចង់ឈ្នះវា ហើយខ្ញុំក៏ម្នាក់ក្នុងចំណោមនោះដែរ ”  ។

Karim Benzema

គួរបញ្ជាក់ផងដែរថា អតីតកីឡាករក្រុម Lyon រូបនេះ អាចរកបាន ២៨៤ គ្រាប់ និង assist ចំនួន ១៤៨ លើក ពីការចូលលេង ៥៦៣ ប្រកួតជាមួយ Real Madrid ដោយឈ្នះ Champions League ៤ ដង និង La Liga ៣ ដង ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ ៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ Honda រកបានក្លិបថ្មី ក្រោយទំនេរពីអាជីពកីឡាករបាល់ទាត់រយៈពេល៣ខែ

អតីតកីឡាករក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន និងជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលោក Keisuke Honda បានចូលរួមក្លិប Suduva នៃក្របខណ្ឌកំពូលលីទុយអានី ដែលជាក្លិបទី៩របស់លោក នេះបើតាមការបង្ហោះក្នុងគណនីផ្លូវការរបស់លោក លើបណ្ដាញសង្គម។

កីឡាករវ័យ៣៥ឆ្នាំ បាននៅទំនេរមិនមានក្លិបចូលរួមចាប់តាំងពីចាកចេញពីក្លិប Neftci ក្នុងប្រទេសអាហ្សៃបៃហ្សង់ កាលពីខែមិថុនា។

សូមរំឭកថា លោក Honda បានចាប់ផ្ដើមក្លាយជាកីឡាករបាល់ទាត់អាជីពនៅក្លិប Nagoya Grampus ក្នុងឆ្នាំ២០០៥ មុនពេលផ្លាស់ទៅចូលរួមក្លិបក្នុងប្រទេស អ៊ីតាលី ហូឡង់ រុស្ស៊ី ម៉ិកស៊ីកូ អូទ្រីស និងប្រេស៊ីលជាដើម។

បច្ចុប្បន្នលោកកំពុងកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ក្រុមគោព្រៃកម្ពុជា ហើយលោកជាកីឡាករជប៉ុនម្នាក់គត់ដែលរកគ្រាប់បាល់បញ្ចូលទី ក្នុងព្រឹត្តិការណ៍ FIFA World Cup ៣ផ្សេងគ្នា ក្រោយទទួលបានឱកាសបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ ២០១០៕

ប្រភព៖ Kyodo News