Honda រកបានក្លិបថ្មី ក្រោយទំនេរពីអាជីពកីឡាករបាល់ទាត់រយៈពេល៣ខែ

អតីតកីឡាករក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន និងជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលោក Keisuke Honda បានចូលរួមក្លិប Suduva នៃក្របខណ្ឌកំពូលលីទុយអានី ដែលជាក្លិបទី៩របស់លោក នេះបើតាមការបង្ហោះក្នុងគណនីផ្លូវការរបស់លោក លើបណ្ដាញសង្គម។

កីឡាករវ័យ៣៥ឆ្នាំ បាននៅទំនេរមិនមានក្លិបចូលរួមចាប់តាំងពីចាកចេញពីក្លិប Neftci ក្នុងប្រទេសអាហ្សៃបៃហ្សង់ កាលពីខែមិថុនា។

សូមរំឭកថា លោក Honda បានចាប់ផ្ដើមក្លាយជាកីឡាករបាល់ទាត់អាជីពនៅក្លិប Nagoya Grampus ក្នុងឆ្នាំ២០០៥ មុនពេលផ្លាស់ទៅចូលរួមក្លិបក្នុងប្រទេស អ៊ីតាលី ហូឡង់ រុស្ស៊ី ម៉ិកស៊ីកូ អូទ្រីស និងប្រេស៊ីលជាដើម។

បច្ចុប្បន្នលោកកំពុងកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ក្រុមគោព្រៃកម្ពុជា ហើយលោកជាកីឡាករជប៉ុនម្នាក់គត់ដែលរកគ្រាប់បាល់បញ្ចូលទី ក្នុងព្រឹត្តិការណ៍ FIFA World Cup ៣ផ្សេងគ្នា ក្រោយទទួលបានឱកាសបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ ២០១០៕

ប្រភព៖ Kyodo News

អានអត្ថបទបន្ទាប់៖ អតីតមេធំ Bayern និយាយពី Barcelona ពេលគ្មាន Messi ក្រោយបរាជ័យនៅ UCL

អតីតនាយកប្រតិបត្តិក្លិប Bayern Munich លោក Karl-Heinz Rummenigge បាននិយាយលើកសរសើរក្រុមអាល្លឺម៉ង់មួយនេះ ដែលទទួលបានជ័យជម្នះ ៣-០ ក្នុងការប្រកួតនៅទឹកដី Barcelona កាលពីយប់ថ្ងៃអង្គារ ក្នុងជំនួបបើកឆាក UEFA Champions League។

ខ្សែប្រយុទ្ធ Thomas Muller រកគ្រាប់បាល់បើកឆាកសម្រាប់ Bayern នៅនាទីទី៣៤ មុនពេល Robert Lewandowski រកបានពីរគ្រាប់បន្ថែមទឿតនៅនាទីទី៥៦ និង ៨៥ ប៉ុន្ដែលោក Rommenigge មើលឃើញពីភាពខុសប្លែករបស់ Barca ពេលដែលលេងគ្មាន Lionel Messi នៅក្នុងក្រុមពួកគេ។

លោក Rummenigge បានថ្លែងប្រាប់សារព័ត៌មាន Bild ថា៖ “Bayern លេងបានយ៉ាងល្អ ហើយពួកគេស័ក្ដិសមនឹងទទួលជ័យជម្នះ។ វាពិតជាលឿនពេកហើយដែលត្រូវនិយាយថា ក្រុមណាមានប្រៀបនៅឡើយទេ។ ការប្រកួតប្រជែងនឹងចាប់ផ្ដើមនៅវគ្គ knockout”។

“ប្រសិនបើអ្នកក្រលេកមើលក្រុម Barcelona របៀបដែលពួកគេលេងគឺស្របទៅដោយបច្ចេកទេស។ អវត្តមានរបស់ Messi អារម្មណ៍ពួកគេហាក់បែកខ្ញែក។ ពួកគេប្រឈមនឹងពេលដ៏លំបាក”៕

ប្រភព៖ Marca