Atletico Madrid ចាំឆ្មក់យក កីឡាករជិតផុតកុងត្រាម្នាក់របស់ Arsenal

ក្រុមការពារជើងឯកលីគកំពូលអេស្ប៉ាញ Atletico Madrid អាចនឹងទទួលបានខ្សែប្រយុទ្ធ Alexandre Lacazette ពី Arsenal ដោយគ្មានតម្លៃផ្ទេរ សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ។

ក្លិបអធិរាជក្រហមស មានការចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះជាយូរមកហើយ ប៉ុន្ដែក្លិបកាំភ្លើងធំ កន្លងមកមិនមានបំណងចង់លក់រូបគេចេញនោះទេ។

ទោះយ៉ាងណាក្ដី បើយោងតាមប្រភពពីសារព័ត៌មានបារាំង Le10 Sport បានឱ្យដឹងថា មានកត្តាសំខាន់ៗជាច្រើនដែលធ្វើឱ្យផ្លាស់ប្ដូរនៅពេលនេះ ដើម្បីអាចនាំយក អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Lyon មកចូលរួមក្រុមលោក Diego Simeone។

អ្នកចាត់ការ Arsenal លោក Mikel Arteta មានចចាមអារ៉ាមថា ចង់បន្ដកិច្ចសន្យាថ្មីសម្រាប់ Lacazette ដែលនឹងផុតសុពលភាពនៅដំណាច់រដូវកាល ២០២១-២២ ប៉ុន្ដែកីឡាកររូបនេះ មិនចង់បន្ដកិច្ចសន្យាថ្មីឡើយ។

ដូច្នេះ Atletico មានសេរីភាពក្នុងការចរចាផ្ទេរ កីឡាករវ័យ៣០ឆ្នាំ នៅខែមករាខាងមុខ ខណៈអ្នកចាត់ការ Simeone រំពឹងថាអាចកាត់បន្ថយថ្លៃចំណាយ និងបន្ថែមជម្រើសសម្រាប់តំបន់ប្រយុទ្ធនៅរដូវកាលក្រោយ៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ Ronaldo ដើរមកលួង Bruno ដែលខកចិត្តបន្ទាប់ពីស៊ុតប៉េណាល់ទីមិនចូលទល់នឹង Aston Villa

Cristiano Ronaldo ជាកីឡាករ Manchester United ដំបូងដែលមកលើកទឹកចិត្តមិត្តរួមក្រុម Bruno Fernandes បន្ទាប់ពីខ្សែបម្រើរូបនេះ ស៊ុតប៉េណាល់ទីមិនចូល នៅចុងម៉ោងក្នុងការប្រកួតដែលបរាជ័យក្រោមថ្វីជើង Aston Villa ដោយលទ្ធផល ០-១។

ក្រុមបិសាចក្រហមមានឱកាសយកបានមួយពិន្ទុ ក្រោយទទួលបានបាល់១១ម៉ែត្រ ដោយសារដៃកីឡាករ Kortney Hause ប៉ះបាល់នៅក្នុងប្រអប់ ប៉ុន្ដែ Fernandes ដែលជាអ្នកទទួលភារកិច្ចស៊ុតប៉េណាល់ទី ធ្វើមិនបានសម្រេចដោយទាត់បាល់ឡើងទៅលើ។

ទោះយ៉ាងណាក្ដី Ronaldo បានលួងលោមមិត្តរួមជាតិព័រទុយហ្កាល់ ដែលបានធ្វើឱ្យ Man Utd បរាជ័យលើកដំបូងក្នុងលីគរដូវកាលនេះ។

នៅលើបណ្ដាញសង្គម អ្នកគាំទ្របិសាចក្រហម អះអាងថា កំហុសរបស់ Fernandes ជាការបង្ហាញឱ្យឃើញថា Ronaldo គួរតែជាជម្រើទី១ ដែលត្រូវស៊ុតប៉េណាល់ទី។

យ៉ាងណាក៏ដោយ Fernandes នៅតែប្រកាន់ជំហរក្នុងការរ៉ាប់រងតួនាទីនេះ ទោះបីជាពេលនេះគេស៊ុតមិនបានសម្រេចក៏ដោយ ហើយអ្នកចាត់ការ Ole Gunnar Solskjaer ក៏បាននិយាយផងដែរថា កីឡាកររូបនេះនឹងនៅតែជាជម្រើសទី១សម្រាប់លោកក្នុងប្រកួតខាងមុខ៕

ប្រភព៖ The Sun