គ្រូធំ Barca ចេញបញ្ជីកីឡាករត្រៀមប៉ះ Levante ខណៈម្ចាស់អាវលេខ១០ថ្មី រំពឹងបានចូលលេងខ្លះ

បន្ទាប់ពីបាត់មុខពីទីលានប្រកួតអស់រយៈពេល១០ខែ ដោយសារបញ្ហារបួសជង្គង់ ពេលនេះ កីឡាករវ័យក្មេង Ansu Fati ត្រូវបានបញ្ចូលឈ្មោះទៅក្នុងបញ្ជីកីឡាករ Barcelona ដែលត្រូវប្រកួតទល់នឹង​ Levante នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

លោក Ronald Koeman បានបញ្ជាក់យ៉ាងច្បាស់ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ នឹងចូលលេងយ៉ាងហោចណាស់១៥នាទី ស្របពេលក្លិបកំពុងទន្ទឹងរង់ចាំការត្រលប់មកវិញរបស់គេ ក្រោយខកខានចូលលេងច្រើនប្រកួតមកហើយ។

ខ្សែបម្រើ Frenkie de Jong នឹងមិនបានចូលរួមការប្រកួតនេះឡើយ ដោយសារគេទើបទទួលបានកាតក្រហម អំឡុងការប្រកួតដែលស្មើជាមួយ Cadiz 0-0 កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ ដូច្នេះកីឡាករវ័យ១៧ឆ្នាំ Gavi អាចនឹងទទួលបានឱកាសជាប់ជម្រើសដំបូងជាថ្មី។

កីឡាករ Barcelona ដែលត្រូវបានកោះហៅចូលរួមការប្រកួតទល់នឹង Levante មានដូចជា៖

អ្នកចាំទី: Marc-Andre ter Stegen, Neto, Inaki Pena

ខ្សែការពារ: Sergino Dest, Gerard Pique, Ronald Araujo, Clement Lenglet, Oscar Mingueza, Samuel Umtiti, Eric Garcia

ខ្សែបម្រើ: Sergio Busquets, Riqui Puig, Philippe Coutinho, Sergi Roberto, Nico Gonzalez, Gavi

ខ្សែប្រយុទ្ធ: Memphis Depay, Ansu Fati, Yusuf Demir, Luuk de Jong

អានអត្ថបទបន្ទាប់៖ Man Utd & Chelsea ដឹកដៃគ្នាចាញ់នៅ PL លើកដំបូង ស្របពេលនៅសល់តែមួយក្រុមគត់ដែលមិនទាន់បរាជ័យ

Manchester United និង Chelsea បានបរាជ័យលើកដំបូងនៅ Premier League រដូវកាលនេះ នៅក្នុងទឹកដីរបស់ខ្លួនដូចគ្នា ជាមួយនឹងលទ្ធផល ០-១ ដូចគ្នាផងដែរ។

ក្រុមបិសាចក្រហមបានបរាជ័យក្រោមថ្វីជើង Aston Villa បន្ទាប់ពីខ្សែការពារ Kortney Hause តែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះនៅកៀកចុងម៉ោង ខណៈ Bruno Fernandes មិនអាចរកគ្រាប់បាល់តាមស្មើបានសម្រាប់ Man Utd ក្រោយស៊ុតប៉េណាល់ទីមិនបានសម្រេច។

ដោយឡែកក្រុមតោខៀវ Chelsea ក៏ទទួលបរាជ័យលើកដំបូងនៅក្នុងលីគរដូវកាលនេះផងដែរ ដោយគ្រាប់បាល់តែមួយគ្រាប់គត់របស់ Gabriel Jesus សម្រាប់ក្រុមភ្ញៀវ Manchester City។

ដូច្នេះបើមើលទៅតារាង Premier League ឃើញថា នៅសល់តែមួយក្រុមប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅ Premier League ក្នុងរដូវកាល ២០២១-២២ នេះគឺក្រុមហង្សក្រហម Liverpool។

ក្រុមរបស់លោក Jurgen Klopp កំពុងកាន់កាប់តំណែងកំពូលតារាង បើទោះបីជាទទួលបានតែមួយពិន្ទុប៉ុណ្ណោះ ពីការប្រកួតចុងក្រោយទល់នឹងក្រុមទើបប្រូម៉ូតឡើង Brentford ដោយលទ្ធផល ៣-៣។

រីឯក្រុមមិនទាន់ស្គាល់ពាក្យថាឈ្នះនៅ Premeir League រដូវកាលនេះវិញមាន Southampton, Newcastle, Leeds United, Burnley និង Norwich City៕