[វីដេអូ] Man Utd ខកឱកាសយកបាន១ពិន្ទុ ដោយសារ Bruno ស៊ុតប៉េណាល់ទីមិនចូល

Bruno Fernandes បានធ្វើឱ្យ Manchester United ខកឱកាសទទួលបាន១ពិន្ទុ បន្ទាប់ពីស៊ុតប៉េណាល់ទីមិនបានសម្រេចនៅចុងម៉ោង ក្នុងការប្រកួតបរាជ័យក្រោមថ្វីជើង Aston Villa ដោយលទ្ធផល ០-១ ក្នុងទឹកដី Old Trafford។

Kortney Hause បានរកគ្រាប់បាល់នាំមុខសម្រាប់ Aston Villa ជាមួយនឹងការតែតបញ្ចូលទីដ៏មានថាមពល នៅនាទីទី៨៨ មុនពេលខ្សែការពាររូបនេះ ប៉ះបាល់នឹងដៃនៅក្នុងប្រអប់ ដែលធ្វើឱ្យអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល៉ទីដល់ Man Utd។

បើគិតទាំងបរាជ័យដែលត្រូវជម្រុះចេញពី Carabao Cup ក្រោមថ្វីជើងរបស់ West Ham ក្រុមបិសាចក្រហម បរាជ័យក្នុងទឹកដី២ប្រកួតជាប់គ្នា ដោយមិនមានគ្រាប់បាល់បញ្ចូលទី ប៉ុន្ដែបើសរុប៤ប្រកួតចុងក្រោយ ពួកគេចាញ់៣លើកទៅហើយ ពោលគឺមួយប្រកួតទៀត ក្នុងវគ្គចែកពូល UEFA Champions League ទល់នឹង Young Boys។

ដោយឡែកក្រុមតោខៀវ Chelsea ក៏ទទួលបរាជ័យនៅ Premier League ជាលើកដំបូងផងដែរ ក្នុងរដូវកាលនេះ ដោយចាញ់ Manchester City ០-១ នៅទឹកដី Stamford Bridge។ Gabriel Jesus ជាអ្នកស៊ុតគ្រាប់បាល់ជ័យជម្នះជូន Man City។

នេះអាចចាត់ទុកថា ជាការប្រកួតដ៏លំបាកមួយសម្រាប់ក្រុមលោក Thomas Tuchel ដែលមិនអាចមានឱកាសស៊ុតចំគោលដៅសូម្បីម្ដង ទល់នឹងក្រុមដែលពួកគេយកឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាលមុន៕

អានអត្ថបទបន្ទាប់៖ Ronaldo ដើរមកលួង Bruno ដែលខកចិត្តបន្ទាប់ពីស៊ុតប៉េណាល់ទីមិនចូលទល់នឹង Aston Villa

Cristiano Ronaldo ជាកីឡាករ Manchester United ដំបូងដែលមកលើកទឹកចិត្តមិត្តរួមក្រុម Bruno Fernandes បន្ទាប់ពីខ្សែបម្រើរូបនេះ ស៊ុតប៉េណាល់ទីមិនចូល នៅចុងម៉ោងក្នុងការប្រកួតដែលបរាជ័យក្រោមថ្វីជើង Aston Villa ដោយលទ្ធផល ០-១។

ក្រុមបិសាចក្រហមមានឱកាសយកបានមួយពិន្ទុ ក្រោយទទួលបានបាល់១១ម៉ែត្រ ដោយសារដៃកីឡាករ Kortney Hause ប៉ះបាល់នៅក្នុងប្រអប់ ប៉ុន្ដែ Fernandes ដែលជាអ្នកទទួលភារកិច្ចស៊ុតប៉េណាល់ទី ធ្វើមិនបានសម្រេចដោយទាត់បាល់ឡើងទៅលើ។

ទោះយ៉ាងណាក្ដី Ronaldo បានលួងលោមមិត្តរួមជាតិព័រទុយហ្កាល់ ដែលបានធ្វើឱ្យ Man Utd បរាជ័យលើកដំបូងក្នុងលីគរដូវកាលនេះ។

នៅលើបណ្ដាញសង្គម អ្នកគាំទ្របិសាចក្រហម អះអាងថា កំហុសរបស់ Fernandes ជាការបង្ហាញឱ្យឃើញថា Ronaldo គួរតែជាជម្រើទី១ ដែលត្រូវស៊ុតប៉េណាល់ទី។

យ៉ាងណាក៏ដោយ Fernandes នៅតែប្រកាន់ជំហរក្នុងការរ៉ាប់រងតួនាទីនេះ ទោះបីជាពេលនេះគេស៊ុតមិនបានសម្រេចក៏ដោយ ហើយអ្នកចាត់ការ Ole Gunnar Solskjaer ក៏បាននិយាយផងដែរថា កីឡាកររូបនេះនឹងនៅតែជាជម្រើសទី១សម្រាប់លោកក្នុងប្រកួតខាងមុខ៕

ប្រភព៖ The Sun