Ronaldo ដើរមកលួង Bruno ដែលខកចិត្តបន្ទាប់ពីស៊ុតប៉េណាល់ទីមិនចូលទល់នឹង Aston Villa

Cristiano Ronaldo ជាកីឡាករ Manchester United ដំបូងដែលមកលើកទឹកចិត្តមិត្តរួមក្រុម Bruno Fernandes បន្ទាប់ពីខ្សែបម្រើរូបនេះ ស៊ុតប៉េណាល់ទីមិនចូល នៅចុងម៉ោងក្នុងការប្រកួតដែលបរាជ័យក្រោមថ្វីជើង Aston Villa ដោយលទ្ធផល ០-១។

ក្រុមបិសាចក្រហមមានឱកាសយកបានមួយពិន្ទុ ក្រោយទទួលបានបាល់១១ម៉ែត្រ ដោយសារដៃកីឡាករ Kortney Hause ប៉ះបាល់នៅក្នុងប្រអប់ ប៉ុន្ដែ Fernandes ដែលជាអ្នកទទួលភារកិច្ចស៊ុតប៉េណាល់ទី ធ្វើមិនបានសម្រេចដោយទាត់បាល់ឡើងទៅលើ។

ទោះយ៉ាងណាក្ដី Ronaldo បានលួងលោមមិត្តរួមជាតិព័រទុយហ្កាល់ ដែលបានធ្វើឱ្យ Man Utd បរាជ័យលើកដំបូងក្នុងលីគរដូវកាលនេះ។

នៅលើបណ្ដាញសង្គម អ្នកគាំទ្របិសាចក្រហម អះអាងថា កំហុសរបស់ Fernandes ជាការបង្ហាញឱ្យឃើញថា Ronaldo គួរតែជាជម្រើទី១ ដែលត្រូវស៊ុតប៉េណាល់ទី។

យ៉ាងណាក៏ដោយ Fernandes នៅតែប្រកាន់ជំហរក្នុងការរ៉ាប់រងតួនាទីនេះ ទោះបីជាពេលនេះគេស៊ុតមិនបានសម្រេចក៏ដោយ ហើយអ្នកចាត់ការ Ole Gunnar Solskjaer ក៏បាននិយាយផងដែរថា កីឡាកររូបនេះនឹងនៅតែជាជម្រើសទី១សម្រាប់លោកក្នុងប្រកួតខាងមុខ៕

ប្រភព៖ The Sun

អានអត្ថបទបន្ទាប់៖ Man Utd & Chelsea ដឹកដៃគ្នាចាញ់នៅ PL លើកដំបូង ស្របពេលនៅសល់តែមួយក្រុមគត់ដែលមិនទាន់បរាជ័យ

Manchester United និង Chelsea បានបរាជ័យលើកដំបូងនៅ Premier League រដូវកាលនេះ នៅក្នុងទឹកដីរបស់ខ្លួនដូចគ្នា ជាមួយនឹងលទ្ធផល ០-១ ដូចគ្នាផងដែរ។

ក្រុមបិសាចក្រហមបានបរាជ័យក្រោមថ្វីជើង Aston Villa បន្ទាប់ពីខ្សែការពារ Kortney Hause តែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះនៅកៀកចុងម៉ោង ខណៈ Bruno Fernandes មិនអាចរកគ្រាប់បាល់តាមស្មើបានសម្រាប់ Man Utd ក្រោយស៊ុតប៉េណាល់ទីមិនបានសម្រេច។

ដោយឡែកក្រុមតោខៀវ Chelsea ក៏ទទួលបរាជ័យលើកដំបូងនៅក្នុងលីគរដូវកាលនេះផងដែរ ដោយគ្រាប់បាល់តែមួយគ្រាប់គត់របស់ Gabriel Jesus សម្រាប់ក្រុមភ្ញៀវ Manchester City។

ដូច្នេះបើមើលទៅតារាង Premier League ឃើញថា នៅសល់តែមួយក្រុមប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅ Premier League ក្នុងរដូវកាល ២០២១-២២ នេះគឺក្រុមហង្សក្រហម Liverpool។

ក្រុមរបស់លោក Jurgen Klopp កំពុងកាន់កាប់តំណែងកំពូលតារាង បើទោះបីជាទទួលបានតែមួយពិន្ទុប៉ុណ្ណោះ ពីការប្រកួតចុងក្រោយទល់នឹងក្រុមទើបប្រូម៉ូតឡើង Brentford ដោយលទ្ធផល ៣-៣។

រីឯក្រុមមិនទាន់ស្គាល់ពាក្យថាឈ្នះនៅ Premeir League រដូវកាលនេះវិញមាន Southampton, Newcastle, Leeds United, Burnley និង Norwich City៕