Honda និយាយពីចំណុចខ្វះខាតរបស់កម្ពុជា ទោះឈ្នះកោះហ្គាំនៅជើងទី១ វគ្គ playoff AFC Asian Cup

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះក្នុងការប្រកួតវគ្គជម្រុះ playoff ពានរង្វាន់ AFC Asian Cup ជើងទី១ ដោយលទ្ធផល ០-១ លើកោះហ្គាំ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ខណៈអ្នកចាត់ការទូទៅលោក Keisuke Honda មើលឃើញថា ការលេងរបស់ក្រុម មិនសូវល្អដូចពេលប៉ះក្រុមខ្លាំងៗកន្លងមក។

ដ្បិតកម្ពុជា ឈ្នះការប្រកួតនេះមែន ប៉ុន្ដែលោក Honda មើលឃើញនូវចំណុចខ្វះខាត ដែលក្រុមរបស់លោក ត្រូវបំពេញបន្ថែមនោះគឺ ការប្រើប្រាស់តាក់តិចក្នុងការប្រកួត។

អ្នកចាត់ការទូទៅរបស់ក្រុមគោព្រៃកម្ពុជា បាននិយាយថា៖ “ខ្ញុំគួរតែសប្បាយចិត្តព្រោះយើងឈ្នះ តែខ្ញុំបែរជាខកចិត្តទៅវិញ ព្រោះទម្រង់លេងយើងគឺ មិនល្អដូចពេលយើងលេងជាមួយក្រុមខ្លាំងៗ ទោះពេលនោះយើងចាញ់មែន តែខ្ញុំសប្បាយចិត្តជាង ព្រោះយើងមានទម្រង់លេងប្រសើរជាងនេះ”។

“យើងយើងរីករាយជាមួយលទ្ធផលនេះ ជាមួយទម្រង់លេងបែបនេះ តើពេលណាទើបយើងអាចលេងឈ្នះក្រុមខ្លាំងៗក្នុងតំបន់ដូចវៀតណាម ឬថៃបាននោះ”។

“ការអភិវឌ្ឍកាយសម្បទា និងបច្ចេកទេស ជាចំណុចដែលកីឡាករភាគច្រើនផ្ដោតលើ ក៏ដូចគ្នាយើងត្រូវពង្រឹងផ្នែកទាំងនោះ ប៉ុន្ដែអ្វីដែលពិសេសជាងនេះនោះ យើងត្រូវយល់ដឹងពីការប្រើប្រាស់តាក់តិច ដែលជាកត្តាធ្វើឱ្យក្រុមយើងអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងបាន”៕

​ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អានអត្ថបទបន្ទាប់៖ Luis Enrique មិនអាចជួយក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះពានលើកដំបូងក្នុងការដឹកនាំរបស់ខ្លួន

គ្រូបង្គោល Luis Enrique មិនអាចជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់លើកដំបូង ក្នុងការដឹកនាំរបស់លោក បន្ទាប់ពីបរាជ័យក្រោមថ្វីជើងបារាំងដោយលទ្ធផល ១-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ UEFA Nations League។

ក្រុមគោជល់អេស្ប៉ាញ មានឱកាសរកគ្រាប់បាល់នាំមុខមុនដោយខ្សែប្រយុទ្ធ Mikel Oyarzabal ប៉ុន្ដែត្រូវបាន Karim Benzema រកបានមួយគ្រាប់តាមស្មើវិញ ហើយ Kylian Mbappe ជាអ្នកស៊ុតគ្រាប់បាល់ជ័យជម្នះជូនក្រុមបារាំង ក្លាយជាជើងឯក Nations League។

នេះជាការប្រកួតផ្ដាច់ព្រ័ត្រលើកដំបូងរបស់លោក Enrique ក្នុងនាមជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីដឹកនាំក្រុមគោជល់ឡើងដល់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ EURO 2020។

សូមបញ្ជាក់ថា ការចូលរួមប្រកួតជុំចុងក្រោយនៃពានរង្វាន់ Nations League បានធ្វើឱ្យកាលបរិច្ឆេទប្រកួតជម្រុះ World Cup 2022 របស់ក្រុមជម្រើសជាតិដែលបានចូលរួម ត្រូវលើកទៅធ្វើនៅខែក្រោយវិញ៕