ឥណ្ឌូនេស៊ី ឆ្លងផុតវគ្គ play-off ខណៈកម្ពុជាត្រៀមតតាំងជាមួយកោះហ្គាំនៅជើងទី២រាត្រីនេះ

ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បានឆ្លងផុតវគ្គ playoff នៃការប្រកួតជម្រុះ AFC Asian Cup ក្រោយយកឈ្នះឆាយនីសតៃប៉ិដោយលទ្ធផល ៣-០ នៅជើងទី២ ហើយសរុបទាំងពីរជើង ពួកគេទទួលជ័យជម្នះ ៥-១ នៅកីឡដ្ឋាន Buriram កាលពីរាត្រីថ្ងៃចន្ទកន្លងទៅ។

កីឡាករ Ahmad Agung បានតែតបញ្ចូលទីគ្រាប់បាល់នាំមុខសម្រាប់ឥណ្ឌូនេស៊ី ក្នុងតង់ទី១ មុនពេល Ricky Kambuaya និង Witan Sulaeman រកបានម្នាក់មួយគ្រាប់បន្ថែមទៀតនៅក្នុងតង់ទី២។

សម្រាប់ជ័យជម្នះនេះ បានជួយឱ្យឥណ្ឌូនេស៊ីធានាកៅអីវគ្គជម្រុះជុំទី៣ ខណៈនៅសល់មួយក្រុមទៀតគឺអ្នកឈ្នះរវាង កម្ពុជា និងកោះហ្គាំនឹងត្រូវចូលរួមជាមួយពួកគេនៅវគ្គបន្ទាប់ផងដែរ។

ក្រុមគោព្រៃកម្ពុជា នឹងប្រកួតទល់នឹងកោះហ្គាំ ក្នុងនាមជាម្ចាស់ផ្ទះ ប៉ុន្ដែលេងនៅក្នុងទឹកដីកណ្ដាលនៅប្រទេសបារ៉ែន នារាត្រីនេះក្នុងជំនួបជើងទី២ បន្ទាប់ពីទទួលជ័យជម្នះកាលពីជើងទី១ ដោយលទ្ធផល ០-១៕

អានអត្ថបទបន្ទាប់៖ គ្រូធំជម្រើសជាតិហ្គាំ ថានឹងធ្វើឱ្យបានល្អបំផុត នៅជើងទី២ជាមួយកម្ពុជាដើម្បីឆ្លងទៅវគ្គបន្ទាប់

ក្រុមបាល់ទាត់ជម្រើសជាតិកោះហ្គាំ នឹងប្រើឱកាសចុងក្រោយរបស់ពួកគេ ដើម្បីបង្កើតក្ដីសង្ឃឹមឡើងទៅកាន់ជុំបន្ទាប់នៃការប្រកួតវគ្គជម្រុះ AFC Asian Cup ក្រោយបរាជ័យទល់នឹងកម្ពុជាកាលពីជើងទី១ ដោយលទ្ធផល ០-១។

គ្រូបង្គោលក្រុមជម្រើសជាតិកោះហ្គាំលោក Sang Hoon Kim បាននិយាយថា៖ “វាជាលទ្ធផលដ៏គួរឱ្យខកចិត្ត ប៉ុន្ដែយើងមានពេលពីរបីថ្ងៃដើម្បីថ្លឹងថ្លែងទម្រង់លេង ពីការប្រកួតដំបូង ហើយត្រៀមខ្លួនសម្រាប់លទ្ធផលល្អនៅប្រកួតបន្ទាប់។ យើងមានកីឡាករមួយចំនួន ដែលបានបង្ហាញខ្លួនលើកដំបូងសម្រាប់ហ្គាំ កាលពីប្រកួតថ្ងៃសៅរ៍ ហើយពួកគេមានឥទ្ធិពលខ្លាំងនៅលើទីលាន”។

លោក Kim បានបន្ថែមថាលោកមានក្ដីរីករាយ ជាមួយនឹងការរីកចម្រើន ជារួមនៅក្នុងក្រុមរបស់លោក ហើយនឹងធ្វើឱ្យបានល្អសម្រាប់ឱកាសចុងក្រោយដែលក្រុមលោកអាចបង្កើតបាន និងរក្សាការលេងបានល្អពេញ៩០នាទី។

ក្រុមហ្គាំ នឹងលេងតទល់ជាមួយក្រុមគោព្រៃកម្ពុជា ក្នុងជំនួបជើងទី២នៃវគ្គជម្រុះ playoff AFC Asian Cup នារាត្រីនេះ វេលាម៉ោង ៧៖០០នាទីល្ងាចនៅបារ៉ែន ត្រូវនឹងម៉ោង១១៖០០នាទីយប់នៅកម្ពុជា។