អីយ៉ាស់! លេចលឺថា Suarez និង Messi កំពុងមានគម្រោងលេងជុំគ្នាម្តងទៀត ជាមួយគោលដៅក្លិបថ្មីមួយនេះ

កីឡាករ Luis Suarez និង Lionel Messi ត្រូវបានគេស្គាល់ថាជាដៃគូ និងជាមិត្តដ៏ជិតស្និទទាំងនៅក្នុង នឹងក្រៅទីលាន រយ:ពេលជាច្រើនរដូវកាលកន្លងមកនេះ ។

Luis Suarez ​​, Lionel Messi 

ហើយមិនតែប៉ុណ្ណោះ ខ្សែ​ប្រយុទ្ធ​នៅទ្វីបអាមេរិក​ខាង​ត្បូង​ ទាំង​ពីរ​រូបនេះ បាន​បង្កើត​មិត្តភាព​ផ្ទាល់​ខ្លួន ​ក្នុង​អំឡុង​ការចាយពេល​ប្រាំមួយ​រដូវ​កាល​ ជាមួយ​គ្នា​នៅក្នុងក្លិប Barcelona ដែលជាកន្លែងពួកគេបានបង្កើតជាដៃគូប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតមួយ នៅលើពិភពលោកផងដែរ ។

Luis Suarez ​​, Lionel Messi

ប៉ុន្តែយ៉ាងណា Suarez បានផ្ទេរទៅចូលរួមជាមួយក្រុមគូប្រជែង Atletico Madrid កាលពីឆ្នាំមុន បន្ទាប់ពីមានរដូវកាលដ៏ខកខចិត្តនៅក្នុងក្របខ័ណ្ឌ La Liga មុនពេល Messi ក៏បានសម្រេចចិត្តដើរចេញពីក្លិបយក្សកាតាឡាន់ផងដែរ ដោយសារតែបញ្ហាហិរញ្ញវត្ថុនៅក្នុងក្លិប ហើយផ្ទេរទៅចូលរួមជាមួយក្រុម Paris Saint-Germain ជំនួសវិញ ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ ។

ដោយឡែក នៅក្នុងពេលថ្មីៗនេះ បើតាមការគូសបញ្ជាក់ដោយសារព័ត៌មាន Diario Sport បានបង្ហាញថាតារាឆ្នើមទាំង ២ រូបនេះ មានគម្រោងជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីបន្តអាជីពសម្រាប់ក្លិបថ្មីមួយ នៅទឹកដីសហរដ្ឋអាមេរិក នៅពេលដែលកិច្ចសន្យាបច្ចុប្បន្នជាមួយក្លិបបច្ចុប្បន្នរបស់ពួកគេ ឈានដល់ពេលផុតកំណត់ ។

Luis Suarez ​​, Lionel Messi

ហើយក្លិប Inter Miami ដែលមានអតីតជើងចាស់ លោក David Beckham ជាម្ចាស់ភាគហ៊ុនធំ ត្រូវបានគេនិយាយថាកំពុងកំណត់គោលដៅធំ ដើម្បីនាំយកតារាឆ្នើមទាំងពីររូបនេះ ឲ្យបានជួបជុំគ្នាម្តងទៀត ។

David Beckham

មិនតែប៉ុណ្ណោះ ប្រភពខាងលើ បានបញ្ជាក់ទៀតថាការ​ចរចា​បាន​ធ្វើ​ឡើង​រួច​ទៅ​ហើយ​ ដោយ​មាន​ការ​យោគយល់​គ្នា​ រវាង​ភាគី​ទាំង ២ ហើយនៅទីផ្សាររដូវក្តៅឆ្នាំ ២០២៣ នឹងអាចជាពេលដែលការផ្លាស់ប្តូរនេះ កើតមានឡើងបាន ៕

ប្រភព: Mirror