ឥតលាក់បាំង! Tuchel សារភាពថាកាលនៅជាកីឡាករ លោកធ្លាប់ស្រមៃ ចង់ទៅចូលរួមក្លិបយក្សអេស្បា៉ញមួយនេះ

ត្រឹមរយ:ពេល ៩ ខែ នៅក្នុងការដឹកនាំក្រុមតោខៀវ Chelsea លោក Thomas Tuchel បានធ្វើឲ្យអ្នកគាំទ្រមានភាពពេញចិត្តយ៉ាងខ្លាំង ដោយសារតែគាត់បានជួយក្រុមឲ្យទទួលបានលទ្ធផលល្អមិនគួរឲ្យជឿ ។

Thomas Tuchel 

រំលឹកផងដែរថា លោក Tuchel ត្រូវបានតែងតាំងជាអ្នកចាកត់ការក្រុម Chelsea ក្នុងខែមករា ដើម្បីជំនួសតំណែង លោក Frank Lampard ដែលត្រូវបានបណ្តេញចេញ បន្ទាប់ពីដឹកនាំក្រុមជាប់ចំណាត់ថ្នាក់លេខ ៩ នៅក្នុងតារាងក្របខ័ណ្ឌ Premier League ដោយឈ្នះត្រឹមតែ ១ ប្រកួតប៉ុណ្ណោះ ក្នុងចំណោមប្រាំប្រកួត ។

ប៉ុន្តែលទ្ធផល គឺផ្លាស់ប្តូរហួសពីការរំពឹងទុក Chelsea ក្រោយពីការមកដល់របស់ លោក Tuchel ហើយត្រឹមតែរយ:ពេល ៤ ខែ ពួកគេបានគ្រងតំណែងជើងឯកអឺរ៉ុប ដោយលើកពាន Champions League ជាលើកទីពីរ ក្នុងប្រវត្តិសាស្ត្រ។

Thomas Tuchel

ហើយជាមួយរដូវកាលថ្មីនេះ Chelsea នៅតែបន្តធ្វើបានល្អ ដោយកំពុងឈរនៅលើកំពូលតារាងលីគ ជាមួយនឹងជ័យជម្នះដោយលទ្ធផល ៧-០ កាល​ពីយប់មិញនេះ ទៅលើក្រុម Norwich City ។

Thomas Tuchel

យ៉ាងណាក៏ដោយ ជាមួយភាពជោគជ័យនេះ លោក Tuchel បានបង្ហើបប្រាប់នៅក្នុងកម្មវិធី Festival dello Sport របស់អ៊ីតាលី នាពេលថ្មីៗនេះ ដោយសារភាពថា វាតែងតែជាក្តីស្រមៃធំមួយ ដើម្បីអាចក្លាយជាផ្នែកមួយនៃក្លិប Barcelona ។

មិនតែប៉ុណ្ណោះ បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ បានអះអាងទៀតថាវាគឺជាការជំរុញទឹកចិត្តដ៏ធំមួយ តាំងពីគាត់នៅជាកីឡាករមកម្លេះ ដើម្បីអាចផ្លាស់ទៅកាន់ក្លិបធំដូចជា Barca នៅដំណាក់កាលណាមួយ សម្រាប់អាជីពរបស់គាត់ ។ ប៉ុន្តែអាជីពជាកីឡាកររបស់ លោក Tuchel ត្រូវបានបញ្ចប់ នៅពេលគាត់មានអាយុត្រឹម ២៥ ឆ្នាំប៉ុណ្ណោះ ដោយសារតែរបួសឆ្អឹងខ្ចីជង្គង់រ៉ាំរ៉ៃ ដែលបានកំណត់ឲ្យគាត់អាចចូលលេងត្រឹមតែ ៧៧ លើកប៉ុណ្ណោះ ក្នុងការចាយពេលលើអាជីពរយៈពេល ៦ ឆ្នាំ ៕

Tuchel

ប្រភព: Mirror