ខ្ញីចាស់ Schmeichel ថា Man Utd គួរតែបោះចោលគំនិតចង់យកគ្រូបង្វឹកម្នាក់នេះ មកជំនួស Solskjaer ទៀតទៅ

ជើងចាស់ លោក Peter Schmeichel ហាក់កំពុងគាំទ្រដល់គ្រូបង្វឹក លោក Ole Gunnar Solskjaer ដើម្បីបន្តរ៉ាប់រងទទួលនាទីរបស់គាត់ នៅក្នុងក្រមបិសាចក្រហម Manchester United បន្តទៀត ដោយទទូចថា លោក Antonio Conte គឺមិនស័ក្តិសមមកជំនួសតំណែងបុរសសញ្ជាតិន័រវេសនៅទឹកដី Old Trafford នោះទេ ។

Ole Gunnar Solskjaer , Peter Schmeichel

ជាការពិតណាស់ សម្ពាធ​កំពុង​កើនឡើង​លើ​គ្រូបង្វឹក​របស់​បិសាច​ក្រហម​ បន្ទាប់ទទួលបានលទ្ធផលដ៏គួរឲ្យខកចិត្តជាច្រើន ​នៅក្នុងការប្រកួតលីគចំនួន ៣ លើកចុងក្រោយនេះ ដោយ​ពួកគេនៅមិនទាន់ស្គាល់ឈ្នះនៅឡើយទេ ខណ:នៅថ្ងៃអាទិត្យនេះ នឹងត្រូវជួបក្រុមជើងខ្លាំង Liverpool ថែមទៀត ។

Ole Gunnar Solskjaer

ហើយយ៉ាងណា អតីតគ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Conte ត្រូវបានភ្ចាប់ទំនងយ៉ាងខ្លាំង ជាមួយតំណែងមួយនេះ ហើយបើទោះបីជាគ្រូបង្វឹកវ័យ ៥២ ឆ្នាំ បានទទួលភាពជោគជ័យជាមួយ ក្រុម Inter និង Chelsea ក៏ដោយ ប៉ុន្តែលោក Schmeichel មិនជឿថាគាត់នឹងស័ក្តិសម ជាមួយក្លិប Man United នោះទេ ។

Antonio Conte

មិនតែប៉ុណ្ណោះ អតីតអ្នកចាំទីរូបនេះបាននិយាយប្រាប់កាសែត The Times ថា ៖  “អ្នកអាចនិយាយបានថា Conte គឺអស្ចារ្យ ប៉ុន្តែគាត់មិនបានដឹកនាំក្លិបណា លើសពីពីរ ទៅបីឆ្នាំនោះឡើយ ។ Man Utd មិនដូចជាក្លិបទាំងនោះទេ ។ យើងបានព្យាយាមរួចហើយ។ វាមិនដំណើរការទេ។ តួយ៉ាង Louis van Gaal មិនបានឈ្នះ Premier League ផង ហើយ Jose Mourinho ក៏មិនដែរ ។ បើអ្នកនិយាយពី Conte ឬឈ្មោះគ្រូបង្វឹកផ្សេងទៀត នោះវាមិនខុសគ្នាអ្វីនោះទេ ” ។

លោកបន្តទៀតថា ៖ “តែផ្ទុយទៅវិញយើងគួរតែទុកចិត្តលើ Ole ហើយបញ្ហាដែលគាត់មាននៅពេលនេះ គឺគ្រាន់តែព្យាយាមការកែប្រែរាល់កំហុស ពីការប្រកួតមុនៗប៉ុណ្ណោះ ” ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ [វីដេអូ] មកមើលគ្រាប់បាល់៥គ្រាប់ ដែល Liverpool លត់ Man Utd ផុយៗដល់ក្នុងផ្ទះ

Mohamed Salah រកបានហេតទ្រីគក្នុងការប្រកួតដែល Liverpool យកឈ្នះ Manchester United ដោយលទ្ធផលយ៉ាងហូរហៀរ ០-៥ ដល់ក្នុងផ្ទះ ក្នុងក្របខណ្ឌកំពូលអង់គ្លេស​ Premier League។

គ្រាប់បាល់៤គ្រាប់ក្នុងចំណោមគ្រាប់បាល់សរុបដែល Liverpool រកបានគឺនៅក្នុងតង់ទី១ ស្របពេលតំបន់ការពាររបស់ក្រុមលោក Ole Gunnar Solskajer ធ្វើការមិនបានល្អទើបរបូតគ្រាប់បាល់ផ្ទួនៗបែបនេះ។

ខ្សែបម្រើ Naby Keita ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រហមហង្សក្រហម ពីការបញ្ជូនបាល់ដោយខ្សែប្រយុទ្ធ Mohamed Salah ក្រោយចាប់ផ្ដើមការប្រកួតបាន៥នាទី មុនពេល Diogo Jota រកបានមួយគ្រាប់បន្ថែមទៀត។

បន្ទាប់មក Salah រកបានពីរគ្រាប់បន្ថែមឱ្យក្រុមលោក Jurgen Klopp ក្នុងតង់ទី១ មុនពេលរកបានមួយគ្រាប់ទៀត បង្គ្រប់ហេតទ្រីគក្រោយចាប់ផ្ដើមតង់ទី២បាន៥នាទី ខណៈគ្រាប់បាល់វាយបករបស់ក្រុមបិសាចក្រហម ដែលរកបានដោយ Cristiano Ronaldo ត្រូវបានលុបចោលវិញ ក្រោយអាជ្ញាកណ្ដាលពិនិត្យ VAR។

អ្វីដែលកាន់តែពិបាកទៀតនោះសម្រាប់ Man Utd គឺ ខ្សែបម្រើ Paul Pogba ដែលប្ដូរចូលក្នុងដើមតង់ទី២ ទទួលបានកាតក្រហម ក្រោយបង្កកំហុសលើខ្សែបម្រើ Keita ក្រោយចូលលេងលើទីលានបាន១៥នាទី៕