Barcelona អាចជាទ្រនំថ្មី សម្រាប់កីឡាករក្រៅជម្រើសម្នាក់របស់ Tuchel

Saul Niguez មានការផ្សារភ្ជាប់ទៅនឹងក្លិប Barcelona បន្ទាប់ពីមិនទទួលបានលទ្ធផលល្អ ក្នុងការផ្លាស់ទៅលេងនៅ Chelsea ក្នុងកិច្ចសន្យាខ្ចីជើងពីក្លិប Atletico Madrid។

ខ្សែបម្រើរូបនេះ ពុំទទួលបានឱកាសចូលលេងតាមការចង់បានរបស់ខ្លួន ក្រោមការដឹកនាំដោយលោក Thomas Tuchel ហើយការរាយការណ៍ពីអង់គ្លេស បានទម្លាយឱ្យដឹងថា ខ្សែបម្រើជនជាតិអេស្ប៉ាញរូបនេះ ទំនងជាចាកចេញពីទឹកដី Stamford Bridge នៅខែមករាខាងមុខនេះ។

មិនសូវខុសពីករណីអំឡុងការដោះដូររដូវក្ដៅកន្លងទៅនោះទេ Barcelona នៅតែជាជម្រើសសម្រាប់អតីតម្ចាស់អាវលេខ៨របស់ Atletico Madrid រូបនេះ។ Saul លេងបាន២៣៨នាទីសម្រាប់ Chelsea ប៉ុន្ដែភាគច្រើននៅក្នុងការប្រកួត League Cup ដែលជាការប្រកួតលោក Tuchel ផ្ដល់ឱ្យកីឡាករមិនសូវលេងបានទៀងទាត់។

ប៉ុន្ដែការផ្លាស់ទៅរស់នៅទីក្រុងឡុងដ៍ បានធ្វើឱ្យ Saul ពិបាកសម្របជីវិតរបស់ខ្លួន ទាំងលើទីលាន និងក្រៅទីលាន ដែលធ្វើឱ្យគេអាចបញ្ចប់កុងត្រាខ្ចីជើងជាមួយ Chelsea នៅខែមករា ហើយត្រលប់មកអេស្ប៉ាញវិញ។

ស្របពេលដែល Barcelona កំពុងស្វែងរកកីឡាករមកជួយពង្រឹងតំបន់បម្រើ ក្រោយការមកដល់ របស់ Xavi ផងនោះ អ្នកចាត់ការរូបនេះ ចង់បានកីឡាករដែលមានបទពិសោធន៍ ជាងប្រើប្រាស់កីឡាករក្មេងៗនៅក្នុងក្រុម ហើយ Saul អាចជាជម្រើសដ៏ល្អបំផុតសម្រាប់ក្រុមអ្នកមានបុណ្យ៕

ប្រភព៖ SPORT

អានអត្ថបទបន្ទាប់៖ កីឡាករម្នាក់ទៀតហើយ ដកខ្លួនពីក្រុមអង់គ្លេស ខណៈការប្រកួតកាន់តែខិតចូលមកដល់

ខ្សែបម្រើការពារ Declan Rice បានដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេសដោយសារមានជំងឺ។ ខ្សែបម្រើរបស់ West Ham រូបនេះ នឹងខកខានចូលរួមការប្រកួតវគ្គជម្រុះ FIFA World Cup សម្រាប់ក្រុមអង់គ្លេសទល់នឹង អាល់បានី និង​ សាន់ម៉ារីណូ។

យោងតាមសេចក្ដីប្រកាសរបស់សហព័ន្ធបាល់ទាត់អង់គ្លេស Rice មិនអាចចូលរួមហ្វឹកហាត់ជាមួយកីឡាករក្នុងក្រុមដទៃទៀតបាន ដោយសារតែមានជំងឺហើយគេ ត្រលប់ទៅ West Ham វិញនិងមានចូលរួមពីរប្រកួតបន្ទាប់សម្រាប់ក្រុមអង់គ្លេសឡើយ។

Rice ជាសមាជិកចុងក្រោយបង្អស់ដែលត្រូវបានដកខ្លួនពីក្រុម បន្ទាប់ពី Marcus Rashford របស់ Manchester United និង James Ward-Prowse របស់ Southampton។

ដោយឡែក Mason Mount និង Luke Shaw មិនទាន់ចូលរួមជាមួយក្រុមបាននៅឡើយទេ ប៉ុន្ដែមិនទាន់មានការផ្ដល់ដំណឹងថា ពួកគេអាចនឹងដកខ្លួនពីការចូលរួមប្រកួតក្នុងខែនេះដែរឬយ៉ាងណា៕

ប្រភព៖ Sky Sports