គ្រូជម្រើសជាតិកម្ពុជា នឹងមិនលេងដូចឥណ្ឌូណេស៊ីទេ សម្រាប់ជំនួបទល់វៀតណាម

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Ryu Hirose យល់ច្បាស់ពីភាពខ្លាំងរបស់ក្រុមវៀតណាម ប៉ុន្ដែលោក នឹងរៀបចំការលេងទម្រង់បែបប្រយុទ្ធ ជាជាងការលេងបែបការពារ បើទោះបីជាទទួលបរាជ័យក្នុងការប្រកួតនោះក៏ដោយ។

ក្រុមគោព្រៃកម្ពុជា បានអស់ឱកាសក្នុងការឆ្លងផុតវគ្គចែកពូលទៅហើយ បើទោះបីជាយកបាន៣ពិន្ទុពីឡាវ កាលពីថ្មីៗនេះ បន្ទាប់ពីចាញ់ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ក្នុងពីរប្រកួតដំបូង។

ដោយឡែកវៀតណាមដែលត្រូវបានចាត់ទុកថា ជាក្រុមដែលមានកម្រិតខ្ពស់បំផុតមួយក្នុងចំណោមក្រុមនៅតំបន់អាស៊ីអាគ្នេយ៍ ទទួលបាន៧ពិន្ទុពី៣ប្រកួតដំបូង ដោយចុងក្រោយ ពួកគេបញ្ចប់ក្នុងលទ្ធផលគ្មានគ្រាប់បាល់ ០-០ ជាមួយឥណ្ឌូណេស៊ី ដែលប្រឹងលេងការពារ ដើម្បីរារាំងពីការវាយសម្រុកដ៏ខ្លាំងរបស់ក្រុមលោក Park Hang-seo។

ទោះយ៉ាងណាក្ដី ក្រុមកម្ពុជា នឹងនៅតែប្រកាន់ជំហរលេងប្រយុទ្ធដដែល បើទោះបីជាអាចនឹងរបូតច្រើនគ្រាប់ក្នុងការប្រកួត ដូចកាលប៉ះ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ីកន្លងមកក៏ដោយ។

លោក Hirose បានមានប្រសាសន៍ថា៖ “វៀតណាម គឺពិតជាខ្លាំង ប៉ុន្ដែកម្ពុជានឹងព្យាយាមធ្វើឱ្យពួកគេមានបញ្ហា។ យើងនឹងរក្សាការគ្រប់គ្រងបាល់ ហើយលេងវាយសម្រុកក្នុងការប្រកួត ទោះបីជាបរាជ័យក៏ដោយ”។

យើងកំពុងដើរផ្លូវត្រូវហើយ បើទោះបីជាមានរឿងជាច្រើនទៀតដែលត្រូវធ្វើ។ តើយើងនឹងបន្ដរកគ្រាប់បាល់គ្រប់ប្រកួតដែលយើងលេងមែនទេ? សម្រាប់ខ្ញុំវាគឺរឿងបន្ទាប់បន្សំប៉ុណ្ណោះ។ វាកាន់តែសំខាន់ ក្នុងការមើលពីដំណើរការដែលយើងអាចរកគ្រាប់បាល់បាន”។

សូមបញ្ជាក់ថា ការប្រកួតនឹងចាប់ផ្ដើមនៅ ល្ងាចថ្ងៃអាទិត្យនេះ វេលាម៉ោង ៧៖៣០នាទី ដោយមានការចូលរួមផ្សាយផ្ទាល់ពីទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ស្មាតផងដែរ៕

អានអត្ថបទបន្ទាប់៖ គ្រូធំ Ancelotti សន្យាដាក់កីឡាករធ្លាក់ជើងមួយរូប ក្នុងជម្រើសដំបូងរាត្រីនេះ

Real Madrid នឹងស្វាគមន៍ Cadiz ក្នុងការប្រកួត La Liga នៅកីឡដ្ឋាន Santiago Bernabeu ក្នុងរាត្រីនេះ ស្របពេលកីឡាករសំខាន់មួយចំនួន ត្រូវអវត្តមានដោយសារមានការឆ្លងកូវីដ១៩។

បច្ចុប្បន្នក្រុមដែលបង្វឹកដោយលោក Carlo Ancelotti កំពុងឈរនៅកំពូលតារាងលីគកំពូលអេស្ប៉ាញ ដោយមានគម្លាត៨ពិន្ទុពីក្រុមលេខ២ Sevilla ហើយបានឈ្នះ៥ប្រកួតជាប់ៗគ្នាថែមទៀតផង។

ក្រុមអធិរាជស ហាក់មានក្ដីសង្ឃឹមខ្ពស់ក្នុងការគ្រងតំណែងជើងឯក La Liga រដូវកាលនេះ ដោយសារមានអ្នកចាំទីល្អបំផុតមួយរូប មានតំបន់ការពារដ៏រឹងមាំ ខ្សែបម្រើក៏ល្អដូចផ្កា ព្រមទាំងមានខ្សែប្រយុទ្ធដ៏មុតស្រួតផងដែរ។ ដោយឡែក Cadiz កំពុងស្ថិតនៅតំបន់ត្រូវកាត់ចេញដោយឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងតារាង។

ហើយក្នុងការប្រកួតនោះ​ លោក Ancelotti បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Eden Hazard នឹងលេងក្នុងជម្រើស១១នាក់ដំបូង ទល់នឹង Cadiz ស្របពេលដែលក្នុងក្រុមអវត្តមានសមាជិកនៅតំបន់ប្រយុទ្ធច្រើនរូប ប៉ុន្ដែគ្រូបង្វឹកជនជាតិអ៊ីតាលី បានអះអាងថា Hazard ស័ក្ដិសមនឹងទទួលបានឱកាសលេងជម្រើសដំបូង បើទោះបីជាខ្សែប្រយុទ្ធរូបនេះ លេងមិនសូវបានល្អ ក្នុងប្រកួតកន្លងមកក្ដី។

លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ “គេនឹងលេងជម្រើសដំបូង។ គេនឹងលេងព្រោះតែគេហ្វឹកហាត់បានល្អ​ ហើយគេស័ក្ដិសមនឹងទទួលបានបែបនេះ។ គេមិនមានការប្រែប្រួលស្មារតីនោះទេ បញ្ហានៅត្រង់ថា គេមិនសូវបានហ្វឹកហាត់ពេញលេញ១០០ភាគរយទេ ខុសពីពេលនេះ”។

“គេបានត្រៀមខ្លួនដូចទៅនឹងអ្វីដែលគេបានបង្ហាញនៅពេលហ្វឹកហាត់។ គេមិនដែលធ្លាប់លេងនៅស្លាបខាងស្ដាំនោះទេ ហើយខ្ញុំពេញចិត្តឱ្យ Rodrygo និង Asensio លេងតំណែងនោះជាង។ ប៉ុន្ដែគេមានគ្រប់យ៉ាងដែលល្អដើម្បីបញ្ចូលទៅការលេងនៅពាក់កណ្ដាលទីពីរនៃរដូវកាល ហើយបង្ហាញពីភាពសំខាន់ និងមានប្រយោជន៍សម្រាប់ក្រុម”៕

ប្រភព៖ Football Espana