Luis Suarez នឹងផ្ញើវាសនានៅលីគមួយក្រៅអឺរ៉ុប ក្រោយពេលផុតកុងត្រាជាមួយ Atletico

កិច្ចសន្យារបស់ខ្សែប្រយុទ្ធ Luis Suarez ជាមួយក្លិប Atletico Madrid នៅសល់ពេលតែ៦ខែទៀតប៉ុណ្ណោះ ប៉ុន្ដែតារាឆ្នើមរូបនេះ នឹងមិនបន្ដកិច្ចសន្យាថ្មីនោះទេ ដោយចាកចេញទៅចូលរួមលីគដែលមានការប្រកួតប្រជែងទាបជាង La Liga។

យោងតាមប្រភពពីសារព័ត៌មានអ៊ីតាលី Corriere della Sera បានឱ្យដឹងថា Suarez អាចនឹងទៅចូលរួម Juventus ដោយងាយស្រួល ប្រសិនបើ Barcelona អាចយកបាន Alvaro Morata មកកាន់ទឹកដី Camp Nou។

បន្ទាប់ពីបានរួមចំណែកធំ ក្នុងតំបន់ប្រយុទ្ធសម្រាប់ Atletico Madrid ក្នុងរដូវកាលដំបូង ខ្សែប្រយុទ្ធអ៊ុយរូហ្កាយរូបនេះ ហាក់មានការថមថយកម្លាំង ដោយសារវ័យកាន់តែជ្រេរទៅ។

យោងតាមប្រភពពីសារព័ត៌មានអ៊ីតាលីខាងលើបានបញ្ជាក់ថា ខ្សែប្រយុទ្ធកណ្ដាលរូបនេះ នឹងមិនបន្ដកុងត្រាជាមួយ Atletico នោះទេ ហើយនឹងទៅចូលរួមក្លិបនៅក្នុងក្របខណ្ឌកំពូលអាមេរិក MLS ដែលគេធ្លាប់និយាយថាចង់ទៅលេងនៅទីនោះ។

ក្នុងរដូវកាលមុន Suarez រកគ្រាប់បាល់បាន២១គ្រាប់ ពីការបង្ហាញខ្លួន៣៨ប្រកួត ប៉ុន្ដែរដូវកាលនេះ គេរកគ្រាប់បាល់បានតែ៨គ្រាប់ប៉ុណ្ណោះក្នុង២៥ប្រកួតគ្រប់ពានរង្វាន់ទាំងអស់៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ មិនទាន់ចង់ចេញទេ! កីឡាករកាន់ឆ្នាំម្នាក់ ទ្រាំនៅ Real Madrid រហូតដល់ថ្ងៃចុងក្រោយនៃកុងត្រា

ស្របពេលកិច្ចសន្យានឹងផុតកំណត់នៅដំណាច់រដូវកាលនេះ ខ្សែការពារ Marcelo ទំនងមិនបន្ដកុងត្រាថ្មីជាមួយក្លិប Real Madrid នោះទេ ហើយគេបានបញ្ជាក់យ៉ាងច្បាស់ថា នឹងនៅបន្ដលេងឱ្យក្លិបអេស្ប៉ាញមួយនេះរហូតដល់ថ្ងៃចុងក្រោយ។

បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតទល់នឹង Alcoyano ក្នុងពានរង្វាន់ Copa del Rey ខ្សែការពារប្រេស៊ីលរូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មាន ដោយបានបញ្ជាក់យ៉ាងច្បាស់ថា គេនឹងមិនចាកចេញនៅក្នុងខែមករានេះឡើយ ខណៈកុងត្រារបស់គេ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

Marcelo បាននិយាយថា៖ “ចាប់តាំងពីខ្ញុំមកដល់ក្លិប ខ្ញុំតែងតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ ខ្ញុំនឹងបន្ដជម្នះរហូតដល់ចប់កិច្ចសន្យារបស់ខ្ញុំ, ខ្ញុំជំពាក់គុណក្លិបនេះច្រើនណាស់ ហើយខ្ញុំនឹងសងត្រលប់ទៅវិញរហូតដល់ថ្ងៃចុងក្រោយ”។

“ខ្ញុំមានប្រវត្តិសាស្ដ្រជាមួយក្លិបនេះ, អាជីពដ៏ជោគជ័យ ហើយខ្ញុំនឹងបន្ដរហូតដល់ទីបញ្ចប់”។

Marcelo ទទួលបានឱកាសលេងក្នុងជម្រើស១១នាក់ដំបូងក្នុងការប្រកួត Copa del Rey វគ្គ៣២ក្រុម ដោយពួកគេទទួលជ័យជម្នះលើ Alcoyano ក្នុងលទ្ធផល ៣-១៕

ប្រភព៖ Be Soccer