របស់​សំណាង​មួយ ដែល Messi ឲ្យ ៣ ឆ្នាំ​មុន Coutinho នៅ​ប្រើប្រាស់​ទល់​សព្វថ្ងៃ

បើ​ទោះ​បី​ជា​ផ្ទេរ​ទៅ​ក្លឹប​ថ្មី Aston Villa ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង តែ​យ៉ាង​ណា​ខ្សែ​បម្រើ Philippe Coutinho ក៏​នៅ​តែ​គេ​ប្រទះ​ឃើញ​ថា មាន​ប្រើប្រាស់​របស់​ដែល​មិត្ត​ចាស់ Lionel Messi ប្រគល់​ឲ្យ​កាល​ពី ៣ ឆ្នាំ​មុន​ដដែល។

Mess/Coutinho

ជា​ការ​ពិត​កាល​ពី​ឆ្នាំ ២០១៨ គឺ​តារា​ឆ្នើម​អាហ្សង់ទីន​បាន​ប្រគល់​បន្ត​នូវ​ខ្សែ​អំបោះ​ក្រហម ដែល​ខ្លួន​ទទួល​បាន​ពី​អ្នក​កាសែត​មួយ​រូប ឲ្យ​ទៅ Coutinho ក្រោយ​ពី​ខ្លួន​ខកខាន​ការ​ស៊ុត​ប៉េណាល់ទី​នៅ​ប្រកួត​ទល់​អ៊ីស្លង់ សម្រាប់​ព្រឹត្តិការណ៍ World Cup។

ខ្សែ​អំបោះ​សំណាង​នោះ បើ​ទោះ​បី​ជា Messi ​ប្រគល់​ឲ្យ Coutinho តែ​ខ្លួន​លោក​ផ្ទាល់​ក៏​មាន​មួយ​នៅ​ជាប់​នឹង​ជើង​ផង​ដែរ។ យ៉ាង​ណា​អ្វី​ដែល​ចាប់​អារម្មណ៍​បំផុត គឺ​កីឡាករ​ប្រេស៊ីល​នៅ​មាន​ពាក់​វា​ជាប់​នឹង​ដៃ​មក​ទល់​បច្ចុប្បន្ន​នេះ។ វា​បាន​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ស្ងើច​សរសើរ​និង​ចាប់​អារម្មណ៍​ជា​ខ្លាំង ជុំវិញ​កាយវិការ​របស់​អតីត​កីឡាករ​នៅ​ហង្ស​ក្រហម Liverpool ខាង​លើ។

Coutinho
Coutinho

គួរ​រំឭក​ថា Coutinho និង Messi សព្វថ្ងៃ​សុទ្ធ​តែ​ជា​កីឡាករ​ក្រៅ​ក្លឹប Barcelona ដូច​គ្នា ដោយ​មួយ​នៅ PSG មួយ​នៅ Aston Villa ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។ សម្រាប់​ប្រកួត​ដំបូង របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​ខាង​លើ​នៅ Premier League ទំនង​ជា​នៅ​ការ​ប្រកួត នា​វេលា​ម៉ោង ១២:៣០ ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១៦ ​មករា​ខាង​មុខ ដែល​ត្រូវ​លេង​ទល់​ក្លឹប Man Utd ៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ Ronaldo ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​កំពូល ៣ រូប ដែល PSG ត្រៀម​យក​មក​ជំនួស Mbappe

Kylian Mbappe មាន​ភាគរយ​អាច​នឹង​ចាកចេញ​នៅ​ពេល​ខាង​មុខ ដោយ​គេ​ជឿ​ថា នឹង​មិន​មាន​កុងត្រា​ថ្មី​កើត​ឡើង​បាន​ឡើយ ពោល​ការ​ចែក​ផ្លូវ​រវាង​ក្លឹប PSG នឹង​ឈាន​ចូល​មក​ដល់​ត្រឹម​រដូវ​ក្តៅ ឆ្នាំ ២០២២ នេះ​ហើយ។ ដូច្នេះ​ខាង​ភាគី​ក្លឹប​បារាំង ក៏​ចាប់ផ្ដើម​ធ្វើ​ការ​ចរចា​ជា​បណ្តើរៗ​ដែរ អំពី​ការ​ចង់​បាន​កីឡាករ​ថ្មី ​ទុក​មក​ជំនួស​យុវជន​ឆ្នើម​ខាង​លើ។

Mbappe

បើ​តាម​សារព័ត៌មាន Evening Standard ចុះ​ផ្សាយ​ថា ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស បាន​សម្លឹង​ឃើញ​បេក្ខភាព​កំពូល ៣ រូប ដោយ​ក្នុង​ចំណោម​នោះ ក៏​មាន Cristiano Ronaldo នៃ​ក្លឹប Man Utd ផង​ដែរ។

វា​កើត​ឡើង​បន្ទាប់​ពី​លេចលឺ​ថា​ កីឡាករ​ព័រទុយហ្គាល់​ផ្ទាល់ ក៏​មិន​ជា​រីករាយ​នឹង​ការ​លេង​នៅ​ទឹកដី Old Trafford ព្រោះ​អី​ក្លឹប​មិន​ប្រាកដប្រជា​ថា​នឹង​អាច​បញ្ចប់​ចំណាត់ថ្នាក់ ឈរ​នៅ​ Top 4 នោះ​ដែរ ក្នុង​ការ​ប្រជែង ក្របខ័ណ្ឌ Premier League។ ស្រប​ពេល​ដែល​បុរស​វ័យ ៣៦ ឆ្នាំ​ត្រូវ​ផុត​សុពលភាព​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២៣ ដូច្នេះ​ក៏​មាន​ភាគរយ​ខ្ពស់ ដែល CR7 អាច​នឹង​ផ្ទេរ​ចេញ​ទៅ​កាន់​ក្លឹប​បារាំង។

Ronaldo
Haaland/Lewandowski

ការ​រួបរួម​រវាង Ronaldo&Messi នៅ PSG អាច​នឹង​កើត​ឡើង​ក៏​ថា​បាន មុន​អ្នក​ទាំង​ពីរ​បញ្ចប់​អាជីព ពី​កីឡាករ​បាល់ទាត់។ តែ​យ៉ាង​ណា​បើ ការ​ចរចា​យក Ronaldo មិន​បាន​សម្រេច នោះ​ក្លឹប​នឹង​បង្វែរ​ទៅ​គោលដៅ ២ រូប​ផ្សេង​ទៀត រវាង Robert Lewandowski នៃ​ក្លឹប Bayern Munich ឬ​អាច​ជា Erling Haaland នៃ​ក្លឹប Borussia Dortmund។ ចុះ​សម្រាប់​គ្នា​យើង​វិញ គិត​ថា​នរណា នឹង​សក្តិសម​ក្នុង​ការ​ជំនួស​កន្លែង​របស់ Mbappe?

ប្រភព៖ Evening Standard