Everton ចង់បានគ្រូបង្វឹកព័រទុយហ្កាល់ម្នាក់ មកដឹកនាំក្រុមក្រោយបញ្ចប់តំណែង Benitez

អ្នកចាត់ការព័រទុយហ្កាល់ Vitor Pereira ស្ថិតនៅក្នុងរ៉ាដារបស់ក្លិប Everton ខណៈម្ចាស់ក្លិប Farhad Moshiri កំពុងស្វែងរកអ្នកចាត់ការអចិន្ដ្រៃយ៍ដើម្បីមកជំនួសលោក Rafa Benitez។

លោក Pereira វ័យ៥៣ឆ្នាំមានការភ្ជាប់ទៅនឹងក្លិប Everton ជាច្រើនដងមកហើយ ដោយបច្ចុប្បន្នលោកមិនទាន់មានក្លិបដឹកនាំនៅឡើយ ក្រោយចែកផ្លូវគ្នាជាមួយក្លិបតួកគី Fenerbahce កាលពីខែធ្នូ។

គ្រូបង្គោល Roberto Martinez ជាគោលដៅធំសម្រាប់ Everton ប៉ុន្ដែសំណើត្រូវបានបដិសេធដោយសហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក។ អ្នកចាត់ការ Derby County លោក Wayne Rooney ក៏ស្ថិតនៅក្នុងចំណោមបេក្ខភាពដែល Everton ចង់បានផងដែរ។

បច្ចុប្បន្នលោក Duncan Ferguson ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Everton ជាលើកទី២ ហើយបានដឹកនាំក្រុមលេងនៅក្នុងការប្រកួតដែលបរាជ័យ ១-០ ទល់នឹង Aston Villa។

សូមរឭកថា Everton ធ្លាប់ចរចាជាមួយលោក Pereira មុនប្រកាសតែងតាំងលោក Carlo Ancelotti ក្នុងឆ្នាំ២០១៩ ប៉ុន្ដែអ្នកចាត់ការព័រទុយហ្កាល់ បានចុះកុងត្រាដឹកនាំក្រុមចិន Shanghai SIPG៕

ប្រភព៖ BBC

អានអត្ថបទបន្ទាប់៖ ក្លិបមួយនៅ Premier League សម្រេចបញ្ចប់តំណែងគ្រូបង្វឹកក្រោយទទួលលទ្ធផលខកចិត្ត

ក្លិបនៅលីគកំពូលអង់គ្លេស Watford បានបណ្ដេញអ្នកចាត់ការ Claudio Ranieri ចេញពីតំណែងបន្ទាប់ពីដឹកនាំក្រុមបាន១៤ប្រកួត ក្នុងរយៈពេលជិត៤ខែ។

បុរសជនជាតិអ៊ីតាលីវ័យ៧០ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ Watford កាលពីថ្ងៃទី៥ ខែតុលា ប៉ុន្ដែនៅក្រោមការដឹកនាំរបស់លោកពួកគេទទួលបានតែ៧ពិន្ទុប៉ុណ្ណោះ ពីការលេង១៣ប្រកួតនៅ Premier League។

បន្ទាប់ពីបរាជ័យ ៣-០ នៅក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើង Norwich City បានធ្វើឱ្យ Watford ធ្លាក់ទៅតំបន់ត្រូវកាត់ចេញក្នុងតារាង Premier League ទើបឈានដល់ការបញ្ចប់តំណែងលោក Ranieri។

យោងតាមការប្រកាសរបស់ក្លិបបាននិយាយថា ការផ្លាស់ប្ដូរជារឿងចាំបាច់ ដើម្បីផ្ដល់ឱកាសដល់គ្រូបង្វឹកតែងតាំងថ្មី ដើម្បីបញ្ចៀស Watford ពីបញ្ហា។ វាមានន័យថា Watford កំពុងស្វែងរកគ្រូបង្វឹកទី១៥ ចាប់តាំងពីក្លិបនេះកាន់កាប់ដោយគ្រួសារត្រកូល Pozzo ក្នុងឆ្នាំ២០១២៕

ប្រភព៖ BBC