ក្លិបមួយនៅ Premier League សម្រេចបញ្ចប់តំណែងគ្រូបង្វឹកក្រោយទទួលលទ្ធផលខកចិត្ត

ក្លិបនៅលីគកំពូលអង់គ្លេស Watford បានបណ្ដេញអ្នកចាត់ការ Claudio Ranieri ចេញពីតំណែងបន្ទាប់ពីដឹកនាំក្រុមបាន១៤ប្រកួត ក្នុងរយៈពេលជិត៤ខែ។

បុរសជនជាតិអ៊ីតាលីវ័យ៧០ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ Watford កាលពីថ្ងៃទី៥ ខែតុលា ប៉ុន្ដែនៅក្រោមការដឹកនាំរបស់លោកពួកគេទទួលបានតែ៧ពិន្ទុប៉ុណ្ណោះ ពីការលេង១៣ប្រកួតនៅ Premier League។

បន្ទាប់ពីបរាជ័យ ៣-០ នៅក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើង Norwich City បានធ្វើឱ្យ Watford ធ្លាក់ទៅតំបន់ត្រូវកាត់ចេញក្នុងតារាង Premier League ទើបឈានដល់ការបញ្ចប់តំណែងលោក Ranieri។

យោងតាមការប្រកាសរបស់ក្លិបបាននិយាយថា ការផ្លាស់ប្ដូរជារឿងចាំបាច់ ដើម្បីផ្ដល់ឱកាសដល់គ្រូបង្វឹកតែងតាំងថ្មី ដើម្បីបញ្ចៀស Watford ពីបញ្ហា។ វាមានន័យថា Watford កំពុងស្វែងរកគ្រូបង្វឹកទី១៥ ចាប់តាំងពីក្លិបនេះកាន់កាប់ដោយគ្រួសារត្រកូល Pozzo ក្នុងឆ្នាំ២០១២៕

ប្រភព៖ BBC

អានអត្ថបទបន្ទាប់៖ Rio ថា Newcastle នឹង​ជៀស​ផុត​ពី​តំបន់​ត្រូវ​កាត់​ឈ្មោះ ហើយ​ក្លឹប​ ៣ នេះ​នឹង​ធ្លាក់​ចេញ​ពី PL

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier Leage បាន​ឈាន​មក​ដល់ ៦០ ភាគរយ​ហើយ​នៃ​រដូវ​កាល​ទាំង​មូល ដោយ​យើង​ក៏​បាន​រក​ឃើញ​តម្រុយ​ជា​បណ្តើរៗ អំពី​ក្លឹប​ដែល​នឹង​អាច​លើក​ពាន ក្លឹប​ឈរ​ Top 4 ក៏​ដូច​ជា​ក្លឹប ៣ ដែល​អាច​នឹង​កាត់​ឈ្មោះ​ចេញ​ពី​លីគ​លំដាប់​ ១ ហើយ​ធ្លាក់​ទៅ​លីគ​លំដាប់​ ២ របស់​អង់គ្លេស។

Rio

​បច្ចុប្បន្ន​ក្លឹប Newcastle ឈរ​លេខ ១៨ មាន ១៥ ពិន្ទុ (គិត​ត្រឹម​ជុំ​ទី ២១), Watford ឈរ​លេខ ១៩ មាន ១៤ ពិន្ទុ (គិត​ត្រឹម​ជុំ​ទី ២០) និង Burnley ឈរ​បាត​តារាង មាន ១២ ពិន្ទុ (គិត​ត្រឹម​ជុំ​ទី ១៨)។ តែ​យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់ Rio Ferdinand ជា​អ្នក​វិភាគ​លើ​ប៉ុស្តិ៍​កម្មវិធី​បាល់ទាត់​មួយ ក៏​លើក​ឡើង​ថា ក្លឹប​ដែល​នឹង​ធ្លាក់​នៅ​បញ្ចប់​​រដូវ​កាល គឺ Burnley, Watford និង Norwich City ​ឯ​ណោះ ហើយ Newcastle នឹង​នៅ​តែ​មាន​សង្ឃឹម​អាច​បន្ត។

ក៏​ដោយសារ​តែ​នៅ​ខែ​មករា​ សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​រងា លោក​ជឿជាក់​ថា Newcastle នឹង​បញ្ចប់​ការ​ដោះដូរ​កីឡាករ​ចំណូល​ថ្មី​ជា​ច្រើន ពោល​អាច​នាំ​យក​ពួក​គេ​មក​ពង្រឹង​ក្រុម ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​នេះ​ឆ្ងាយ។

Norwich

ជា​ការ​ពិត បើ​យើង​ទៅ​មើល​កីឡាករ​នៃ​ក្រុម​លោក Eddie Howe សម្រេច​យក​បាន​គឺ​រួម​មាន Kieran Trippier ជា​ខ្សែ​ការពារ​ឆ្នើម ហើយ​ក៏​លឺ​ថា នឹង​ត្រៀម​យក​បាន ២ ទៅ​ ៣ រូប​ផ្សេង​ទៀត​នៅ​តំបន់​បម្រើ និង​ប្រយុទ្ធ​ផង​ដែរ។ រំឭក​ថា​លើក​ចុង​ក្រោយ​ដែល​ Newcastle ធ្លាក់​ចេញ​ពី PL គឺ​នៅ​រដូវ​កាល ២០១៥/១៦ ហើយ​រដូវ​កាល​បន្ទាប់ ពួក​គេ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីគ​លំដាប់​ទី ២៕

ប្រភព៖ Metro