ក្លឹបសេះបង្កង់ Juventus បានយកឈ្នះក្លឹបអង់គ្លេស Arsenal លើទីផ្សារដោះដូរ ក្នុងការនាំយកខ្សែប្រយុទ្ធកំពូល ដែលកំពុងប្រកបអាជីពនៅក្របខ័ណ្ឌ Serie A។ លឺថា ក្លឹបយក្សអ៊ីតាលីហ៊ានឲ្យដល់តម្លៃ ៦៧ លានអឺរ៉ូ ឬជាង ៥៦ លានផោនឯណោះ។
នោះគឺ Dusan Vlahovic ជាយុវជនឆ្នើមរបស់ក្លឹប Fiorentina ដែលបុរសសញ្ជាតិស៊ែប៊ីរូបនេះ ត្រូវបានក្លឹប Arsenal តាមឃ្លាំមើលយូរណាស់ហើយ តែទំនងត្រូវបានរាំង.ស្ទះដោយសារតម្លៃផ្ទេរនៃក្លឹបអាណាព្យាបាលដាក់មករាងខ្ពស់ពេក។
តែយ៉ាងណា សម្រាប់ Juventus មើលឃើញបញ្ហាលុយធំសារនេះ មិនជាបញ្ហាសម្រាប់ខ្លួនឡើយ រួចក៏ព្រមចាយទាំងមិនស្ទាក់ស្ទើរ ឲ្យតែយកបាន Vlahovic មកពង្រឹងប្រព័ន្ធប្រយុទ្ធនៃក្រុមរបស់ខ្លួន។ នេះបើតាមសារព័ត៌មាន Football.london បានចុះផ្សាយ។
ជាការពិត Vlahovic ធ្វើបានល្អខ្លាំង ជាក់ស្តែងដូចរដូវកាល ២០២១/២២ បង្ហាញខ្លួន ២១ ប្រកួត អាចរកបានដល់ទៅ ១៧ គ្រាប់ឯណោះ។ យើងនឹងរង់ចាំមើលបន្តទៀត តើភាគីក្លឹបអាណាព្យាបាលនឹងយល់ព្រមបែបណាទៀត ក្រោយពេលដែលសេះបង្កង់ហ៊ានឲ្យតម្លៃកល់ហើយនោះ។ សម្រាប់ Arsenal បើយកកីឡាករស៊ែប៊ីខាងលើមិនបាន ពួកគេអាចជាបង្វែរទៅគោលដៅ ២ រូបផ្សេងទៀត រួមមាន Alexander Isak និង Luka Jovic៕
ប្រភព៖ Football.london
អានអត្ថបទបន្ទាប់៖ ឥតលាក់បាំង! តារាឆ្នើម Spurs មួយរូប បង្ហើបប្រាប់មិត្តជិតស្និទ្ធរបស់ខ្លួន ថាចង់ផ្ទេរទៅលេងឲ្យ Newcastle
ខ្សែបម្រើ Dele Alli របស់ក្រុម Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានជូនដំណឹងទៅកាន់មិត្តជិតស្និទ្ធរបស់ខ្លួនថា រូបគេចង់ដើរចូលក្លិប Newcastle United ជំនួសវិញ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ ។
ជាក់ស្តែង នេះបើតាមការចុះផ្សាយចុងក្រោយរបស់សារព័ត៌មាន Football Insider ដែលបានអះអាងថាខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ខ្លាំង ក្នុងការផ្ទេរទៅលេងនៅទឹកដី St James’ Park។
គួរឲ្យដឹងផងដែរថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានក្លាយជាផ្នែកដ៏សំខាន់របស់ក្លិប បន្ទាប់ពីបានផ្ទេរមកពីក្រុម MK Dons ក្នុងតម្លៃ ៦ លានផោនកាលពីឆ្នាំ ២០១៥ ប៉ុន្តែយ៉ាងណា ទម្រង់លេងរបស់ Dele ក្នុងពេលថ្មីៗនេះ វាត្រូវបានគេមើលឃើញថា កីឡាកររូបនេះ បានធ្លាក់ចេញពីការពេញចិត្ត នៅក្រោមការដឹកនាំរបស់លោក Antonio Conte ។
ហើយមិនតែប៉ុណ្ណោះ បើតាមប្រភពជិតស្និទ្ធជាមួយនឹងកីឡាកររូបនេះ បានបង្ហើបប្រាប់ Football Insider ថា Dele ពិតជាចង់ចុះហត្ថលេខាជាមួយក្លិបផ្សេង ហើយថែមទាំងបាននិយាយជាមួយអតីតមិត្តរួមក្រុម កីឡាករ Kieran Trippier ដែលបានផ្ទេរទៅចូលរួមជាមួយក្រុម Newcastle កាលពីដើមខែកន្លងទៅផងដែរ ៕
ប្រភព: Caughtside