ក្តៅ! ក្រុមហ៊ុន Apple បង្ខំ​ចិត្ត​កាត់បន្ថយ​ការរើសបុគ្គលិក ក្រោយ​ជួប​បញ្ហា​ធ្ងន់ធ្ងរ​មួយ

យោង​តាម​របាយការណ៍​ Bloomberg ចុះ​ផ្សាយ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​អាមេរិក​ Apple នឹង​ចាប់​ផ្តើម​កាត់​បន្ថយ​ការជ្រើសរើសបុគ្គលិក​នា​ពេល​ខាង​មុខ​នេះ ឆ្លើយតប​ទៅ​នឹង​ការ​លក់​ដែលកំពុងមាន​តួ​លេខ​ដាំ​ក្បាល​ចុះ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ។

 

បញ្ជាក់​ផ្ទាល់​ពី​នាយកប្រតិបត្តិ​លោក Tim Cook ដែល​ត្រូវ​បាន​គេ​ចោទ​សួរ​ជុំវិញ​ការ​ជ្រើសរើស​បុគ្គលិក​នា​ពេល​ខាង​មុខ លោក​ក៏​បាន​ឆ្លើយ​ថា​ការ​ធ្វើ​បែប​នេះ​ពុំ​មែន​ជា​ដំណោះស្រាយ​លើ​បញ្ហា​ដែល​ក្រុមហ៊ុន​កំពុង​ជួប​នោះ​ទេ។ ពុំ​ទាន់​ត្រូវ​បាន​បង្ហើប​ជាក់លាក់​តើ​ផ្នែក​ណា​មួយ​នឹង​ត្រូវ​ប៉ះពាល់​ខ្លាំង​ពី​ការ​ជម្រុះ​កម្លាំង​ពលកម្ម ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា​សម្រាប់​បុគ្គលិក​បម្រើ​ការ​ផ្នែក AI នឹង​មិន​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ឡើយ ព្រោះ​បច្ចុប្បន្នផ្នែកនេះ​កំពុង​ដើរ​តួ​យ៉ាង​សំខាន់​ជាមួយ Apple នា​ថ្ងៃ​អនាគត។

រំឭក​ដែរ​ថា​ក្រុមហ៊ុន​យក្ស​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ California មួយ​នេះ​បាន​ធ្លាក់​ចុះ​តម្លៃ​ទីផ្សារ​ប្រមាណ ៤៤៦ ពាន់​លាន​ដុល្លារ​ត្រឹម​រយៈ​ពេល ៣ ខែ​ជា​ហេតុ​ធ្វើ​ឲ្យ Amazon និង​ Microsoft វ៉ៃ​ផ្តាច់​ឈរ​នៅ​ចំណាត់ថ្នាក់​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ទ្រព្យ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​សកលលោក​នា​ពេល​បច្ចុប្បន្ន។​

ប្រភព: PhoneArena