កីឡាករគោលដៅម្នាក់របស់ Man United ប្រកាសឈ្មោះក្លឹបថ្មីរបស់ខ្លួននៅ៣ថ្ងៃបន្ទាប់

ខ្សែបម្រើ Saul Niguez ដែលជាកីឡាករគោលដៅរបស់ Manchester United បានបង្ហោះសារបង្កប់អាថ៌កំបាំងមួយនៅលើបណ្ដាញសង្គម Twitter ដែលបានសរសេរថា រូបគេនឹងប្រកាសក្លឹបថ្មី នៅក្នុងរយៈពេល៣ថ្ងៃខាងមុខ។

ខ្សែបម្រើរបស់ក្រុម Atletico Madrid រូបនេះ មានចចាមអារ៉ាមក្នុងការផ្ទេរមកកាន់ Man United ជាយូរមកហើយ ហើយសារនៅលើបណ្ដាញសង្គមរបស់គេ កាន់តែធ្វើឲ្យអ្នកគាំទ្រក្រុមបិសាចក្រហម មានអារម្មណ៍ជ្រួលច្របល់។

ខ្សែបម្រើគោលដៅរបស់ Man United រូបនេះ បានបង្ហាញខ្លួននៅក្នុងការប្រកួតសម្រាប់ Atletico បាន៣៧ប្រកួត និង រកគ្រាប់បាល់បាន៤គ្រាប់។

ហើយបើតាមការរាយការណ៍ចុងក្រោយរបស់សារព័ត៌មាននៅអង់គ្លេស បានអះអាងថា United នឹងចំណាយ១៣៥លានផោន ដើម្បីចុះហត្ថលេខាយក Saul មកចូលក្រុម និង តំលើងប្រាក់ពលកម្ម ២០ម៉ឺនផោនក្នុងមួយសប្ដាហ៍៕

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ អតីតមេធំ Hoeness ចង់ឃើញកីឡាករឆ្នើមពីររូប ផ្ទេរមកកាន់ Bayern Munich

អតីតប្រធានក្លឹប Bayern Munich លោក Uli Hoeness បានមើលឃើញទុកមុនថាកីឡាករឆ្នើមបច្ចុប្បន្នពីររូបគឺ Leroy Sane និង Kai Havertz អាចនឹងផ្ទេរមកកាន់ក្លឹបកំពូលតារាង Bundesliga។

Bayern មានទំនុកចិត្តខ្ពស់ ក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធស្លាប Sane ពីក្លឹប Man City សម្រាប់ការដោះដូរនាពេលខាងមុខ បន្ទាប់ពីការចរចាកន្លងមកត្រូវបានខកខាន ដោយសារតារាឆ្នើមរូបនេះមានបញ្ហារបួស។

អតីតប្រធានក្លឹប Bayern លោក Hoeness មានក្ដីរីករាយសម្រាប់ដំណឹងនៃការផ្ទេររបស់ Sane មកកាន់ទឹកដី Allianz Arena នៅក្នុងសករាជថ្មីនាពេលអនាគត។

លោកបានថ្លែងប្រាប់ BR ថា៖ “ខ្ញុំជឿជាក់ថា យើងស្ថិតនៅការចាប់ផ្ដើមនៃជំនាន់ដ៏អស្ចារ្យ។ នៅពេលដែលយើងគិតថា យើងបានរៀបចំបន្ដកុងត្រាជាមួយ Manuel Neuer ហើយយើងមាន Joshua Kimmich, Niklas Sule, Robert Lewandowski ហើយមានក្ដីរំពឹងខ្ពស់សម្រាប់ការយល់ព្រមកុងត្រាថ្មីជាមួយ David Alaba និង Thiago Alcantara ហើយខ្ញុំក៏សង្ឃឹមផងដែរជាមួយ Leroy Sane, Kingsley Coman, Serge Gnabry ដែលជាកីឡាករវ័យក្មេងអាចអភិវឌ្ឍក្រុមបាន។”

លោកបានបន្ដថា៖ “យើងពិតជាពេញចិត្តក្នុងការនាំយក Kai Havertz។ ប៉ុន្ដែនៅពេលនេះ ពុំទាន់ដឹងប្រាកដពីអនាគតនៃសេដ្ឋកិច្ចបាល់ទាត់ទាំងអស់នៅឡើយ។ ខ្ញុំចង់ឃើញគេលេងនៅ Munich ប៉ុន្ដែមិនមែននៅពេលនេះទេ ទោះយ៉ាងណាក្ដីខ្ញុំចង់ឲ្យគេលេងនៅទីនេះ។”

ប្រភព៖ Goal