Ajax និង Real Madrid ប្រឈមនឹងការអវត្តមាន កីឡាករឆ្នើមរបស់ខ្លួន ក្នុងការប្រកួត UCL

ខ្សែបម្រើឆ្នើម Frenkie De Jung របស់ក្រុម Ajax មានបញ្ហាមុនការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ ទល់នឹង Real Madrid ជិតឈានចូលមកដល់ បន្ទាប់ពីរូបគេបានរងរបួសសាច់ដុំ ហើយត្រូវបានប្ដូរចេញនៅនាទីទី ៧៩នៃការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅ។

ក្រៅពីកីឡាករហូឡង់រូបនេះ ខ្សែការពារអាហ្សង់ទីន Nicolas Tagliafico ក៏ប្រឈមនឹងការអវត្តមានសំរាប់ការប្រកួតដ៏សំខាន់នាពេលដ៏ខ្លីខាងមុខនេះផងដែរ ក្រោយពីមានបញ្ហាឈឺចាប់ហើយត្រូវបានក្រុមគ្រូពេទ្យរបស់ Ajax ធ្វើការពិនិត្យ។

ដោយឡែកក្រុមការពារជើងឯក Real Madrid ក៏ប្រឈមនឹងការបាត់បង់ខ្សែប្រយុទ្ធឆ្នើម Karim Benzema ក្នុងជំនួបដ៏ពុះកញ្ជ្រោលមួយនេះ បន្ទាប់ពីរូបគេមិនបានចូលរួមហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុម កាលពីថ្ងៃចន្ទនេះ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង បានខកខានការហ្វឹកហាត់ ដោយសារតែមានបញ្ហាគ្រិចក ហើយគេរំពឹងថា Benzema អាចចូលលេងក្នុងជំនួបជាមួយនឹងក្រុមហូឡង់ ប៉ុន្ដែស្ថានភាពអាចប្រែប្រួលនៅប៉ុន្មានថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ថា Benzema ជាកីឡាករសំខាន់មិនអាចខ្វះបាន របស់ក្រុមលោក Santiago Solari ហើយរូបគេរកគ្រាប់បាល់បានសរុប ១៨គ្រាប់ក្នុងរដូវកាលនេះ ហើយអាចរកគ្រាប់បាល់បាន៣គ្រាប់ ក្នុងចំណោម៣ប្រកួតចុងក្រោយនៅ LaLiga ផងដែរ៕

ប្រភព៖ AS

មតិយោបល់