Ajax លើកពានក្នុងស្រុកមួយ មុនស្វាគមន៍ Spurs នៅជើងទី២ វគ្គ១/២ ផ្ដាច់ព្រ័ត្រ UCL

ក្រុមដែលមានទម្រង់លេងល្អបំផុតនៅហូឡង់ Ajax បានយកឈ្នះក្រុម Willem II ដោយលទ្ធផល ៤-០ នៅវគ្គផ្ដាច់ព្រ័ត្រ លើកពាន KNVB Beker មុនទទួលស្វាគមន៍ក្រុម Tottenham សំរាប់ការប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៅទីក្រុងអាំស្ទែរដាម។

ក្រុមកំពូលតារាងលីគកំពូលហូឡង់មួយនេះ នឹងធ្វើជាម្ចាស់ផ្ទះ សំរាប់ក្រុមប្រកួតទល់នឹង Tottenham នៅយប់ថ្ងៃពុធខាងមុខនេះ បន្ទាប់ពីពួកគេរកបានជ័យជំនះ ១-០ កាលប្រកួតនៅទីក្រុងឡុងដ៍។

ខ្សែការពារ Daley Blind តែតគ្រាប់បាល់បើកឆាកអោយ AJax នាំមុខ Willem II ហើយ គ្រាប់បាល់ពីរគ្រាប់របស់ Klaas-Jan Huntelaar និង មួយគ្រាប់បន្ថែមទៀត រកបានដោយ Rasmus Nissen Kristensen បានធានាជ័យជំនះ លើកពាន Cup របស់ហូឡង់ជាលើកដំបូងចាប់តាំងពីរដូវកាល ២០០៩/១០។

ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Erik ten Hag បច្ចុប្បន្នឈរនៅកំពូលតារាងលីគ Eredivisie ដោយមានគ្រាប់បាល់ចំនេញលើស PSV ហើយនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ មុនពេលស្វែងរកឃើញម្ចាស់ពាន៕

 

មតិយោបល់