Alisson តាមទាន់កំណត់ត្រា Clean Sheet របស់ De Gea ហើយ នៅឡើយតែអ្នកចាំទីឆ្នើម ៤រូបទៀតប៉ុណ្ណោះ

អ្នកចាំទី Alisson Becker បានតបស្នងទៅក្លឹប Liverpool ដែលបានចំណាយ ៦២.៥លានអឺរ៉ូ ដើម្បីទិញយករូបគេពីក្លឹប Roma ដោយរូបគេបានចូលរួមជាចំណែកមួយដ៏ធំសំរាប់ការប្រជែងពាន Premier League នៅរដូវកាលនេះ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហាញខ្លួនគ្រប់ការប្រកួតអោយ ក្រុមហង្សក្រហម នៅ Premier League រដូវកាលនេះ ដោយរបូតគ្រាប់បាល់ ២០គ្រាប់ និង រក្សា cleansheet បាន១៨ប្រកួត នៅក្នុងចំណោម ៤៣ប្រកួតដែលបានបញ្ចប់។

ខណៈដែលនៅសល់ ៤ប្រកួតប៉ុណ្ណោះនៅលីគកំពូលអង់គ្លេសរដូវកាលនេះ Alisson បានតាមស្មើកំណត់ត្រា ការពារសំណាញ់ទីមិនអោយគូប្រកួតស៊ុតចូល ១៨លើករបស់ David de Gea(Manchester United) និង Joe Hart(Manchester City) ហើយបច្ចុប្បន្ន មានតែអ្នកចាំទី៤រូបប៉ុណ្ណោះ ដែលមានចំណាត់ថ្នាក់ល្អជាងរូបគេ។

អតីតអ្នកចាំទីរបស់ហង្សក្រហម Pepe Reina បានរក្សា clean sheet សំរាប់ Liverpool កាលពីរដូវកាល ២០០៤/០៥ បាន២០ប្រកួត ដែលជាចំនួនស្មើនឹង Peter Schmeichel របស់ Man United ធ្វើបាន កាលពីរដូវកាល ១៩៩៤/៩៥។

ដោយឡែក អតីតអ្នកចាំទីហូឡង់ Edwin van der Sar ឈរនៅលេខរៀងទី២ ដោយរក្សា clean sheet បាន ២១ប្រកួត ខណៈដែល តំណែងលេខ១ គឺអ្នកចាំទី Petr Cech ដែលមិនបណ្ដោយអោយរបូតគ្រាប់បាល់ ២៤ប្រកួតនៅ Premier League សំរាប់ក្រុមតោខៀវ Chelsea នៅរដូវកាល ២០០៤/០៥៕

ប្រភព៖  AS