Ancelotti ចង់បានកីឡាករ Barcelona ម្នាក់មកជួយពង្រឹងក្រុមនៅ ខែមករាខាងមុខនេះ

អ្នកចាត់ការក្លិប Everton លោក Carlo Ancelotti បានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរ ខ្សែការពារកណ្ដាល Samuel Umtiti របស់ Barcelona នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SPORT។

បច្ចុប្បន្ន Umtiti មិនទាន់ជាសះស្បើយពីរបួសនៅឡើយទេ ប៉ុន្ដែខ្សែការពាររូបនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Everton ក្នុងការដោះដូរនៅខែមករាខាងមុខនេះ ដើម្បីអាចធានាកៅអីការប្រកួតនៅអឺរ៉ុបរដូវកាលក្រោយ។

មិនទាន់មានការអះអាងសម្រាប់ការចរចានេះនៅឡើយទេ ប៉ុន្ដែលោក Ancelotti ត្រូវបានផ្ដល់ដំណឹងថា បានសម្លឹងឃើញ Umtiti ជាជម្រើសទី១ នៅក្នុងបញ្ជីកីឡាករទិញចូលនាពេលខាងមុខ។

ចំពោះក្លិប Everton វាអាចជាការជួយពង្រឹងតំបន់ការពារឱ្យបានកាន់តែល្អ ខណៈខ្សែការពារបារាំងរូបនេះ អាចនឹងទទួលបានឱកាសចូលលេងនៅក្នុងជម្រើសដំបូងនៅទីនោះ។

សម្រាប់​ Barcelona វាអាចនឹងពិបាកសម្រាប់ការចរចា ដោយសារខ្សែការពារកណ្ដាលមានបញ្ហារបួសជាហូរហែរ ប៉ុន្ដែវាក៏អាចត្រូវនឹងតម្រូវការចាំបាច់របស់ពួកគេផងដែរ ក្នុងការទទួលបានថ្លៃផ្ទេរ នឹងកាត់ថ្លៃចំណាយប្រាក់ខែលើកីឡាករឆ្នើមរូបនេះ៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ អ្នកចាំទីម្នាក់នៅ PL អះអាងថាខ្លួនជាអ្នកស៊ុតប៉េណាល់ទីល្អបំផុតប្រចាំក្រុម

អ្នកចាំទី Ederson របស់ Manchester City បាននិយាយទាំងមានទំនុកចិត្តថា រូបគេជាអ្នកស៊ុតប៉េណាល់ទីល្អបំផុត នៅក្នុងចំណោមកីឡាករក្នុងក្រុម។

ក្រុមមេឃខៀវ មិនទាន់មានលំនឹងចំពោះអ្នកស៊ុតបាល់១១ម៉ែត្រនៅក្នុងក្រុមនៅឡើយទេ ដោយកីឡាករ Gabriel Jesus, Raheem Sterling, Sergio Aguero, Ilkay Gundogan និង Kevin De Bruyne សុទ្ធតែស៊ុតប៉េណាល់ទីមិនបានល្អ ចាប់តាំងពីរដូវកាលមុន។

ហើយ De Bruyne ជាកីឡាករចុងក្រោយ ដែលធ្វើឱ្យខកខានការរកបាន៣ពិន្ទុ ពីការប្រកួតដែលបញ្ចប់ក្នុងលទ្ធផល ១-១ ទល់នឹងLiverpool នៅពេលដែលរូបគេ ស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេច កាលពីខែមុន។

Edison ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថា ជាកំពូលអ្នកចាំទីមួយរូប បានអះអាងថារូបគេមានសមត្ថភាពខ្ពស់ក្នុងការរ៉ាប់រងតួនាទី ជាអ្នកស៊ុតបាល់១១ម៉ែត្របានល្អបំផុតនៅក្នុងក្រុម។

អ្នកចាំទីប្រេស៊ីលរូបនេះបាននិយាយថា៖ “ខ្ញុំមិនបានហ្វឹកហាត់ហ្រ្វីឃីគច្រើនទេ។ ខ្ញុំបានហ្វឹកហាត់ស៊ុតប៉េណាល់ទី ហើយនៅពេលដែល ខ្ញុំនៅលេងឱក្លិប Ribeirao ខ្ញុំស៊ុតហ្វ្រីឃីគខ្លះៗ ប៉ុន្ដែវាគ្រាន់ជាអតីតកាលប៉ុណ្ណោះ”។

“នោះគ្រាន់ជាអតីតកាល ហើយយើងមានអ្នកដែលស៊ុតហ្វ្រីឃីគយ៉ាងល្អ។ ការស៊ុតប៉េណាល់ទី ខ្ញុំគឺជាអ្នកស៊ុតប៉េណាល់ទីល្អបំផុត ប៉ុន្ដែខ្ញុំមិនត្រូវបានជ្រើសរើសឱ្យស៊ុតវានោះទេ”៕

ប្រភព៖ talkSPORT