Arsenal ត្រៀមខ្លួនកាត់បន្ថយការចំណាយរបស់ខ្លួន ដោយធ្វើការវ៉ៃចេញតារាឆ្នើមរូបនេះ រដូវកាលក្រោយ

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាលោក Unai Emery ចង់ឱ្យក្រុម Arsenal លក់ចេញកីឡាករ Mesut Ozil នៅរដូវក្តៅខាងមុខនេះ បើទោះបីជាក្លឹបត្រូវបង់ផ្តាច់ លើកិច្ចសន្យាដែលនៅសេសសល់សម្រាប់កីឡាកររូបនេះក៏ដោយ ។

ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានត្រៀមខ្លួនរួចស្រេច ដើម្បីធ្វើការរៀបចំធ្វើកំណែទម្រង់ក្នុងក្រុមរបស់លោក បន្ទាប់ពីមានការខកចិត្ត ដោយត្រូវបាត់បង់ឱកាសទទួលបានការលេងនៅក្នុងក្របខណ្ឌ Premier League ក៏ដូចជាបរាជ័យនៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន Europa League ផងដែរ ។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ពី Daily Star បានរាយការណ៍ថាលោក Emery នឹងជួបជាមួយនាយកក្លឹប Arsenal នៅសប្តាហ៍នេះ ដើម្បីធ្វើការពិភាក្សាលើយុទ្ធសាស្រ្តមួយ ដើម្បីកែលម្អក្រុមរបស់គាត់ឡើងវិញ ។

មិនតែប៉ុណ្ណោះវាត្រូវបានគេអះអាងថាការពិភាក្សានេះ នឹងមានពាក់ព័ន្ធជាមួយអនាគតរបស់ Mesut Ozil នៅឯទឹកដី​ Emirates ផងដែរ ខណៈដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះត្រូវគេរំពឹងថានឹងស្នើសុំឱ្យលក់ខ្សែបម្រើរូបនេះចេញនារដូវក្តៅខាងមុខនេះ ៕

ប្រភព: Mirror