Arsenal អាចនឹងពិចារណាលក់ Aubameyang ចេញ ដើម្បីបង្គ្រប់លុយទិញចូលកីឡាកររូបនេះវិញ

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal អាចនឹងលក់កីឡាករ Pierre-Emerick Aubameyang ដើម្បីមានថវិកាគ្រប់គ្រាន់សម្រាប់ចុះហត្ថលេខាលើតារាឆ្នើមក្រុម Crystal Palace កីឡាករ Wilfried Zaha នៅរដូវក្តៅនេះវិញ ។

ជាក់ស្តែងគ្រូបង្វឹកលោក Unai Emery គឺជាអ្នកកោតសរសើរដ៏ធំរបស់ខ្សែប្រយុទ្ធរបស់ក្រុម Palace រូបនេះ បន្ទាប់ពីមានរដូវកាលដ៏អស្ចារ្យមួយផ្សេងទៀតនៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែការបរាជ័យក្នុងការចូលលេងនៅក្របខ័ណ្ឌ Champions League ក៏អាចជាឧបសគ្គរាំងស្ទះដល់ការចុះហត្ថលេខាលើកីឡាកររូបនេះផងដែរ ។

មិនតែប៉ុណ្ណោះវាត្រូវបានគេឲ្យដឹងថាក្រុមកាំភ្លើងធំ Arsenal នៅក្នុងដំណាក់កាលផ្ទេរនេះ គឺមានថវិកាសម្រាប់ការចំណាយត្រឹមតែ 45 លានផោន ប៉ុណ្ណោះដែលវានឹងមិនអាចគ្រប់គ្រាន់ ដើម្បីចុះហត្ថលេខាលើ Zaha ឡើយ ។

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី BBC បានអះអាងថាមធ្យោបាយតែមួយគត់ ដែលអាចជួយឲ្យក្រុម Arsenal មានឱកាសចុះហត្ថលេខាលើ Zaha ដោយពួកគេចាំបាច់ត្រូវលក់ខ្សែប្រយុទ្ធ Aubameyang ចេញ ។

ប៉ុន្តែវាត្រូវបានគេយល់ថានឹងក្លាយជាការប្រថុយដ៏ខ្ពស់មួយសម្រាប់ក្រុម Arsenal ព្រោះពួកគេនឹងអាចបាត់បង់កីឡាករដែលអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ៕

ប្រភព: Daily Mail