Atletico Madrid ត្រៀមឆក់យកកីឡាករមួយរូបពី Real Madrid ជំនួស Rodri ដែលចង់ចាកចេញ

បើយោងតាមកាសែតអេស្ប៉ាញ El Mundo Deportivo បានអោយដឹងថា ក្លឹប Atletico Madrid ត្រៀមឆក់យក ខ្សែបម្រើ Marcos Llorente របស់ Real Madrid សំរាប់រដូវក្ដៅខាងមុខនេះ។

ក្លឹបអធិរាជក្រហមស មានក្ដីបារម្ភថា ខ្សែបម្រើឆ្នើម Rodri អាចនឹងចាកចេញនៅរដូវក្ដៅខាងមុខនេះ ខណៈថ្លៃផ្ដាច់កុងត្រារបស់គេមានតំលៃប្រមាណ ៧០លានអឺរ៉ូ ហើយមានដំណឹងលេចលឺថាក្លឹប Manchester City និង Bayern Munich កំពុងចាប់អារម្មណ៍។

ដោយឡែកខ្សែបម្រើ Llorente មិនសូវទទួលបានឱកាស ក្នុងការបង្ហាញខ្លួននៅក្នុងជម្រើសដំបូងសំរាប់ Real Madrid ឡើយ ដោយរូបគេបានបង្ហាញខ្លួនតែ ៥ប្រកួតប៉ុណ្ណោះនៅ LaLiga ហើយលោក Zinedine Zidane ក៏បាននិយាយផងដែរថា រូបគេអាចនឹងត្រូវដាក់អោយក្លឹបដទៃខ្ចីជើង។

គួររំលឹកថា ខ្សែប្រយុទ្ធឆ្នើម Antoine Griezmann បានប្រកាសថារូបគេនឹងចាកចេញពី Atletico Madrid ក្រោយចប់រដូវកាល ខណៈកីឡាករដែលពោរពេញដោយបទពិសោធន៍មួយចំនួនទៀត ក៏មានបំណងចង់ចាកចេញជាបន្ដបន្ទាប់ ដែលធ្វើអោយក្លឹបអេស្ប៉ាញ ត្រូវស្វះស្វែងរកកីឡាករមកចូលរួមជាច្រើនរូបផងដែរ៕

ប្រភព៖  Football Italia