Barcelona កំណត់គោលដៅ ខ្សែប្រយុទ្ធនៅលីគអាល្លឺម៉ង់ ពេល Boateng ត្រលប់ទៅអ៊ីតាលីវិញ

ក្លឹប Barcelona កំពុងស្វែងរកកីឡាករគោលដៅយូរអង្វែងដើម្បីជំនួស ខ្សែប្រយុទ្ធ Luis Suarez ដែលមានអាយុកាន់តែចាស់ទៅហើយ ស្របពេលដែល កីឡាករបម្រុង Paco Alcacer និង Munir El Haddadi បានសំរេចចិត្តចាកចេញពីក្លឹបទៅរកទ្រនំថ្មីរៀងៗខ្លួន។

ដោយឡែកខ្សែប្រយុទ្ធ Kevin-Prince Boateng បានចូលរួមក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល ប៉ុន្ដែក្លឹបមានបំណងចង់បានកីឡាករចូលរួមជាអចិន្ដ្រៃយ៍ ហើយមានការរាយការណ៍មកថា ខ្សែប្រយុទ្ធ Luka Jovic ជាគោលដៅដែលក្លឹបយក្សកាតាឡាន់ចង់បាន។

ហើយបើយោងតាមកាសែតអាល្លឺម៉ង់ Frankfurter Allgemeine បានអោយដឹងថា Top Scorer នៅលីគកំពូលអាល្លឺម៉ង់របស់ក្រុម  Eintracht Frankfurt រូបនេះ បានឈានដល់កិច្ចព្រមព្រៀង ស៊ីញ៉េកុងត្រាចូលរួមជាមួយនឹង Barcelona រួចរាល់ហើយ។

ប៉ុន្ដែមិនទាន់មានការបញ្ជាក់ពីក្លឹប ជុំវិញការដោះដូរនៅឡើយទេ ខណៈដែលតំលៃរបស់កីឡាករវ័យ ២១ឆ្នាំរូបនេះ អាចឈានទៅដល់ ៥០លានអឺរ៉ូ៕

ប្រភព៖ Marca