ខ្សែការពារឆ្នើម Gerard Pique នៃក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវអវត្តមានពីទីលានប្រកួតរហូតដល់ថ្ងៃ ២២ កុម្ភៈ ២០២១ ឯណោះ ព្រោះតែត្រូវការពេលវេលាព្យាបាលរបួសផ្នែកជង្គង់។

ហេតុដូច្នេះហើយ Barcelona ដាច់ខាតមិនអាចទុកតំណែងដ៏សំខាន់មួយនេះឲ្យទំនេរនោះចោលនោះទេ ពួកគេត្រូវតែតាមទិញខ្សែការពារឆ្នើមមួយរូបឲ្យបាននៅពេលទីផ្សារដោះដូរកីឡាកររដូវរងារចាប់ផ្ដើមបើកទ្វារ។

បើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Tuttojuve បានទម្លាយឲ្យដឹងថា Barca កំពុងរៀបចំសំណើរក្នុងការតាមចុះកុងត្រាជាមួយកីឡាករ Matthijs de Ligt នៃក្រុមសេះបង្កង់ Juventus ត្បិតក្រុមនៅអេស៉្បាញអាចនឹងទាក់ទងកីឡាករវ័យ ២១ ឆ្នាំតាមរយៈភ្នាក់ងារល្បីឈ្មោះ Mino Raiola។

តែយ៉ាងណាមិញ ការតាមទិញមួយនេះអាចនឹងមិនអាចកើតឡើងបាននោះទេ ត្បិតគ្រូបង្វឹក Andrea Pirlo តែងតែព្យាយាមដាក់ de Ligt ឲ្យបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួត ព្រោះចង់ឲ្យគេក្លាយជាអ្នកស្នងតំណែងរបស់ជើងចាស់ Giorgio Chiellini។ ហេតុដូច្នេះហើយទើបការដោះដូរអាចនឹងមិនកើតមានឡើងនាពេលឆាប់ៗនោះឡើយ៕
ប្រភព: Sportskeeda
អានអត្ថបទបន្ទាប់៖ Ancelotti ចង់បានកីឡាករ Barcelona ម្នាក់មកជួយពង្រឹងក្រុមនៅ ខែមករាខាងមុខនេះ
អ្នកចាត់ការក្លិប Everton លោក Carlo Ancelotti បានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរ ខ្សែការពារកណ្ដាល Samuel Umtiti របស់ Barcelona នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SPORT។
បច្ចុប្បន្ន Umtiti មិនទាន់ជាសះស្បើយពីរបួសនៅឡើយទេ ប៉ុន្ដែខ្សែការពាររូបនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Everton ក្នុងការដោះដូរនៅខែមករាខាងមុខនេះ ដើម្បីអាចធានាកៅអីការប្រកួតនៅអឺរ៉ុបរដូវកាលក្រោយ។
មិនទាន់មានការអះអាងសម្រាប់ការចរចានេះនៅឡើយទេ ប៉ុន្ដែលោក Ancelotti ត្រូវបានផ្ដល់ដំណឹងថា បានសម្លឹងឃើញ Umtiti ជាជម្រើសទី១ នៅក្នុងបញ្ជីកីឡាករទិញចូលនាពេលខាងមុខ។
ចំពោះក្លិប Everton វាអាចជាការជួយពង្រឹងតំបន់ការពារឱ្យបានកាន់តែល្អ ខណៈខ្សែការពារបារាំងរូបនេះ អាចនឹងទទួលបានឱកាសចូលលេងនៅក្នុងជម្រើសដំបូងនៅទីនោះ។
សម្រាប់ Barcelona វាអាចនឹងពិបាកសម្រាប់ការចរចា ដោយសារខ្សែការពារកណ្ដាលមានបញ្ហារបួសជាហូរហែរ ប៉ុន្ដែវាក៏អាចត្រូវនឹងតម្រូវការចាំបាច់របស់ពួកគេផងដែរ ក្នុងការទទួលបានថ្លៃផ្ទេរ នឹងកាត់ថ្លៃចំណាយប្រាក់ខែលើកីឡាករឆ្នើមរូបនេះ៕
ប្រភព៖ Football Espana