Barcelona អាចបណ្ដោយអោយតារាឆ្នើមមួយរូបផ្លាស់ទៅ Juve បើ De Ligt ចូលរួមនៅរដូវក្ដៅខាងមុខ

អនាគតខ្សែការពារកណ្ដាល Samuel Umtiti កាន់តែស្រពេចស្រពិល ជាមួយនឹង Barcelona ហើយក្លឹបអ៊ីតាលី Juventus អាចនឹងឆក់ឱកាសនេះដើម្បី អន្ទងចិត្តម្ចាស់ពាន World Cup 2018 រូបនេះ អោយចាកចេញពីទឹកដី Camp Nou។

បច្ចុប្បន្ន ខ្សែការពារ Clement Lenglet ទទួលបានការទុកចិត្តពីគ្រូបង្វឹក Ernesto Valverde សំរាប់ជម្រើស១១នាក់ដំបូង ជំនួស Umtiti ដែលរងរបួសជាច្រើនខែកន្លងមក ហើយក្លឹបកាតាឡាន់អាចនឹងអនុញ្ជាតិងអោយរូបគេចាកចេញនៅរដូវក្ដៅនេះ។

បើតាមប្រភពកាសែត Rai Sport បានអោយដឹងថា ប្រធានគ្រប់គ្រងផ្នែកកីឡាកររបស់ក្លឹប Juventus លោក Fabio Paratici បានកំណត់គោលដៅនាំយកខ្សែការពារបារាំង ហើយអាចនឹងនាំយករូបគេទៅចូលរួមនៅទិក្រុងទូរីននៅពេលទីផ្សារដោះដូរ ត្រូវបានបើកនាពេលខាងមុខនេះ។

Juve បានទុកការដោះដូរនេះ ជារឿងសំខាន់បំផុតសំរាប់ក្រុម ខណៈដែល ខ្សែការពារចាស់វស្សា Andrea Barzagli បានបញ្ជាក់ថា រូបគេនឹងចូលនិវត្តនៅចុងរដូវកាលនេះ ដែលសល់ចន្លោះមួយសំរាប់តំបន់ការពារកណ្ដាល ហើយបច្ចុប្បន្ន Barcelona ក៏មានការចង់បានខ្សែការពារ Matthijs de Ligt ពី Ajax នៅរដូវក្ដៅខាងមុខផងដែរ៕

ប្រភព៖  Marca