Bernardo Silva ​ប្រាប់​តិចនិក​រក​គ្រាប់​បាល់​ងាយៗ ពេល​លេង​រួម​ជើង​ជាមួយ Ronaldo

Bernardo Silva ​ត្បិត​មិន​សូវ​ជោគជ័យ​ខ្លាំង​នៅ Man City ប៉ុន្តែ​សម្រាប់​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​គឺ​កីឡាករ​រូប​នេះ​ធ្វើ​បាន​ល្អ​បំផុត ពោល​គឺ​តាំង​ពី​នៅ​ព្រឹត្តិការណ៍ UEFA Nations League រហូត​មក​ដល់​វគ្គ​ជម្រុះ Euro ២០២០។

កន្លង​ទៅ​នៅ​ការ​ប្រកួត​ទល់​លីទុយអានី Silva ក៏​ជា​ចំណែក​ចែក​បាល់​ឲ្យ Ronaldo ម្តង​ជា​ពីរ​លើក ជួយ​ឲ្យ​ CR7 បំបែក​បាន ៤ គ្រាប់​ម្នាក់​ឯង​ក្នុង​មួយ​ប្រកួត។ ជាមួយ​ការ​សាទរ​នូវ​ជ័យជម្នះ​នេះ Silva បាន​ទម្លាយ​នូវ​បច្ចេកទេស​និង​ភាព​ងាយស្រួល​សម្រាប់​ការ​លេង​រួម​ជើង​ជាមួយ​បុរស​វ័យ ៣៤ ឆ្នាំ។

លោក​និយាយ​ក្រោយ​បិទ​ការ​ប្រកួត​ថា៖ “នៅ​ពេល​អ្នក​មាន Ronaldo គ្រប់​យ៉ាង​គឺ​ថា​ស្រួល​តែ​ម្តង ដោយ​គាត់​ផ្តល់​ភាព​ងាយស្រួល​កាន់​តែ​ច្រើន​ថែម​ទៀត​ដល់​តំបន់​បម្រើ ពោល​គឺ​យើង​ត្រឹម​តែ​ស្វាត់​ស្វែង​តាម​ការ​ផ្លាស់ទី​របស់​គាត់ ហើយ​កាត់​បាល់​ឲ្យ​ទៅ​គាត់​ជា​ការ​ស្រេច នោះ​រឿង​បន្ទាប់ៗ​គាត់​គឺ​ជា​អ្នក​សម្រេច”៕

ប្រភព៖ B3