Bruno ឆ្លើយ​តប​ផាំងៗ ទៅ​គ្រូ Liverpool រឿង​ថា United ចាំ​តែ​ទាញ​ប្រយោជន៍​ពី​បាល់ ១១ ម៉ែត្រ

លោក Jurgen Klopp ធ្លាប់​បាន​បង្ហាញ​ការ​ត្អូញត្អែរ​ចំពោះ​ក្លឹប Manchester United ដែល​រមែង​ទទួល​បាន​ផល​ប្រយោជន៍​ពី​បាល់​ប៉េណាល់ទី ព្រោះ​សឹង​តែ​រាល់​ការ​ប្រកួត​ពួក​គេ​ច្រើន​តែ​ទទួល​បាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ និង​ពេល​ខ្លះ​យក​ ៣ ពិន្ទុ​ពី​ការ​ស៊ុត​នោះ​ទៀត​ផង។

Bruno Fernandes

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កីឡាករ​ឆ្នើម Bruno Fernandes និង​ជា​អ្នក​កាន់​តួ​នាទី​នៃ​ការ​ស៊ុត​បាល់ ១១ ម៉ែត្រ​ផ្ទាល់ បាន​ចេញ​មុខ​មក​ឆ្លើយតប​វិញ​ ដោយ​ថា​មិន​ដែល​ខ្វល់​ពី​ការ​លើក​ឡើង​ទាំង​នោះ​ម្តង​ណា​ទេ ហើយ​មាន​តែ​ផ្តោត​លើ​ការ​ស៊ុត​ធ្វើ​បែប​ណា​ឲ្យ​ទទួល​បាន​ជ័យជម្នះ​តែ​ប៉ុណ្ណោះ។

កីឡាករ​ព័រទុយហ្គាល់​និយាយ​មុន​ដល់​ការ​ប្រកួត​ទល់ Liverpool នៅ​ឯ​ Anfield បែប​នេះ​ថា៖ “មនុស្ស​អាច​និយាយ​នូវ​អ្វី​ដែល​ពួក​គេ​ចង់ តែ​សម្រាប់​ខ្ញុំ​និង​ក្រុម អ្វី​ដែល​សំខាន់​គឺ​បន្ត​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ ហើយ​នៅ​ពេល​បាន​បាល់​ប៉េណាល់ទី គឺ​យើង​ផ្តោត​តែ​លើ​ការ​ស៊ុត ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់”។

Bruno Fernandes
Jurgen Klopp

លោក​បន្ថែម​ទៀត​ថា៖ “កាល​ខ្ញុំ​លេង​នៅ​ព័រទុយហ្គាល់ នៅ Sporting, Benfica និង Porto ក៏​តែងតែ​មាន​ការ​និយាយ​បែប​ហ្នឹង​ដែរ ពេល​ខ្លះ​ពួក​គេ​ចង់​ដាក់​សម្ពាធ​ទៅ​លើ​អាជ្ញាកណ្ដាល និង​ពេល​ខ្លះ​គ្រាន់​តែ​ដើម្បី​បង្កើត​រឿង​ខ្លះ​លើ​សារព័ត៌មាន ហើយ​អ្នក​ត្រូវ​ដឹង​ថា​ដូច Raheem Sterling ធ្លាប់​បាន​គេ​ចុះ​ផ្សាយ​ថា​ខកខាន​ការ​ស៊ុត​ប៉េណាល់ទី ៣ លើក​ចុង​ក្រោយ [សម្រាប់ Man City] បែប​នេះ​ការ​ស៊ុត​ប៉េណាល់ទី​មិនមែន​ជា​រឿង​ងាយ​ដូច​គេ​និយាយ​ទេ”៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ គ្រូបង្វឹក៣រូបអាចជាបេក្ខភាពជំនួសតំណែង Lampard នៅ Chelsea

អនាគតរបស់លោក Frank Lampard នៅ Chelsea កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីលោកបានដឹកនាំទទួលលទ្ធផលពុំសូវសមប្រកប ហើយបច្ចុប្បន្នក្រុមតោខៀវឈរនៅលេខរៀងទី៩ ក្នុងតារាង Premier League ទោះក្លិបបានចំណាយលុយជាច្រើនដើម្បីនាំយកកីឡាករថ្លៃៗមកចូលក្រុម។

មានការរាយការណ៍ឱ្យដឹងថា អ្នកចាត់ការជនជាតិអង់គ្លេសរូបនេះ ប្រឈមនឹងការបាត់បង់តំណែង ប្រសិនបើនៅតែមិនទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតខាងមុខ ហើយ Cambo Trends សូមលើកយក គ្រូបង្វឹក៣រូប ដែលអាចជំនួសតំណែងលោក Lampard នៅទឹកដី Stamford Bridge។

១. Diego Simeone

លោក Diego Simeone កាលពីថ្មីៗកន្លងទៅ បានទម្លាយឱ្យដឹងថា លោកអាចនឹងចែកផ្លូវគ្នាជាមួយក្លិប Atletico Madrid នាពេលខាងមុខ ហើយនេះដំណឹងល្អសម្រាប់ Chelsea ដោយសារថ្នាក់ដឹកនាំរបស់ពួកគេមានការពេញចិត្តចំពោះការបង្វឹករបស់ បុរសជនជាតិអាហ្សង់ទីនរូបនេះ។

លោក Simeone ជាគ្រូបង្វឹកម្នាក់ដែលអាចជួយឱ្យក្រុមមានលំនឹង ជាមួយនឹងសមត្ថភាពរៀបចំតំបន់ការពារបានល្អ ដែលនេះអាចជារឿងដែលធ្វើឱ្យ Premier League ក្លាយជាលីគមួយមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ព្រោះមានគ្រូបង្វឹកល្បីឈ្មោះមកដឹកនាំនៅទីនោះ។

សម្រាប់ការដឹកនាំ Atletico Madrid ជិត១០ឆ្នាំ លោក Simeone បានជួយជ្រោមជ្រែងជួយឱ្យពួកគេស្ថិតនៅក្នុងការប្រកួតប្រជែងពានរង្វាន់ក្នុងស្រុក និង ពានអឺរ៉ុប។ បុរសវ័យ៥០ឆ្នាំជួយឱ្យ Atletico ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ពីរលើក នៅរដូវកាល ២០១៣-១៤ និង ២០១៥-១៦ ព្រមទាំងបានឈ្នះ Europa League ពីរលើក នៅរដូវកាល ២០១១-១២ និង ២០១៧-១៨។ នៅអេស្ប៉ាញលោកបានដឹកនាំ Atletico ឈ្នះ La Liga រដូវកាល ២០១៣-១៤ ខណៈបច្ចុប្បន្នក្រុមរបស់លោក កំពុងឈរនៅកំពូលតារាងថែមទៀតផង។

២. Massimiliano Allegri

លោក Allegri ពុំទាន់មានក្លិបដឹកនាំនៅឡើយទេ ទោះបីលោកនៅទំនេរជាមួយឆ្នាំទៅហើយក្ដី។ បុរសជនជាតិអ៊ីតាលីរូបនេះ ក៏សក្ដិសមមកដឹកនាំក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ផងដែរ ដោយសារបទពិសោធកន្លងមកជាមួយក្លិបសេះបង្កង់ Juventus។

សម្រាប់ការដឹកនាំ Juventus ៥រដូវកាល អតីតអ្នកចាត់ការវ័យ៥៣ឆ្នាំ ឈ្នះ Serie A ៥លើកជាប់គ្នា និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ពីរលើក ប៉ុន្ដែបរាជ័យ ៣-១ ទល់ Barcelona រដូវកាល ២០១៤-១៥ និង ចាញ់ Real Madrid ៤-១ នៅ២រដូវកាលបន្ទាប់។

៣. Thomas Tuchel

Chelsea បានចំណាយលុយយ៉ាងច្រើនក្នុងការនាំយក កីឡាករអាល្លឺម៉ង់ Timo Werner និង Kai Havertz មក Stramford Bridge ហើយពួកគេអាចនឹងនាំយក អ្នកចាត់ការជនជាតិអាល្លឺម៉ង់ម្នាក់ផងដែរគឺលោក Thomas Tuchel។

Parc des Princes

អ្នកចាត់ការវ័យ៤៧ឆ្នាំ បានទើបតែបានចែកផ្លូវគ្នាជាមួយក្លិបយក្សបារាំង Paris Saint-Germain កាលពីថ្មីៗនេះ ទោះបីបានដឹកនាំពួកគេឡើងដល់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីឈានដល់វគ្គផ្ដាច់ព្រ័ត្ររដូវកាលមុន ដោយចាញ់ Bayern Munich ១-០។

លោក Tuchel មានស្ថិតិដឹកនាំ PSG ទទួលជ័យជម្នះ ៧៤ភាគរយ ដែលធ្វើឱ្យលោកសក្ដិសមមកដឹកនាំ Chelsea បើលោក Lampard ត្រូវដកចេញពីតំណែង៕