Bruno Fernandes រកគ្រាប់បាល់ដំបូងរបស់ខ្លួន ក្នុងការប្រកួតជ័យជំនះដែល Man United ឡើងមកលេខ៥

Bruno Fernandes ស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួន សម្រាប់ Manchester United ក្នុងការប្រកួតជ័យជំនះ 3-0 ទល់នឹងក្រុម Watford ហើយជួយឲ្យពួកគេឡើងមកកាន់លេខ៥ ក្នុងតារាង Premier League។

កីឡាករដែលបានផ្ទេរចេញពីក្លឹប Sporting CP មកកាន់ទឹកដី Old Trafford កាលពីខែមករា បានរកគ្រាប់បាល់បើកឆាកនៃការប្រកួត នៅនាទីទី៤២ ដោយបាល់ប៉េណាល់ទី។

ហើយខ្សែប្រយុទ្ធបារាំង Anthony Martial បានរកគ្រាប់បាល់ទី២ បន្ទាប់ពី VAR បានបដិសេធគ្រាប់បាល់របស់ Troy Deeney ដែលប៉ះដៃមុនពេលស៊ុតបញ្ចូលទី។ ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood បានរកគ្រាប់បាល់ទី៣ នៅ១៥នាទីចុងក្រោយ។

សម្រាប់លទ្ធផលនេះ បានជួយឲ្យក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer ឡើងមកឈរនៅលេខ៥ ខណៈដែល Watford បន្ដស្ថិតនៅលំដាប់ទី២ បើរាប់ពីបាតតារាង៕

អានអត្ថបទបន្ទាប់៖ ម្ចាស់កំណត់ត្រា ចេញមុខសរសើរ Cristiano Ronaldo ដែលរកគ្រាប់បាល់១១ប្រកួតជាប់គ្នានៅ Serie A

អតីតខ្សែប្រយុទ្ធ Gabriel Batistuta បានបង្ហាញការគោរពចំពោះ Cristiano Ronaldo ដែលបានតាមស្មើកំណត់ត្រានៅ Serie A របស់លោក នៅលើបណ្ដាញសង្គម ក្រោយពីខ្សែប្រយុទ្ធព័រទុយហ្គាល់ រកគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតជ័យជំនះសម្រាប់ Juventus ទល់នឹងក្រុម SPAL កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។

Ronaldo អាចរកគ្រាប់បាល់បញ្ចូលទីបាន១១ប្រកួតជាប់គ្នា នៅលីគកំពូលអ៊ីតាលីរដូវកាលនេះ ហើយបានតាមស្មើកំណត់ត្រារបស់លោក Batistuta សម្រាប់ក្រុម Fiorentina កាលពីរដូវកាល ១៩៩៤/៩៥ និង Fabio Quagliarella សម្រាប់ក្រុម Sampdoria កាលពីរដូវកាលមុន។

លោក Batistuta បានសរសេរនៅលើគណនី Twitter របស់ខ្លួនជាការលើកសរសើរ Ronaldo ដែលតាមទាន់កំណត់ត្រារបស់ខ្លួន ដែលមានសេចក្ដីថា៖ “អបអរសាទរ Cristiano សម្រាប់កំណត់ត្រា! រឿងតែមួយគត់គឺថា វាងាយស្រួលជាងនេះ សម្រាប់ខ្ញុំ នៅពេលដែលអ្នកសម្រាក។”

ក្នុងន័យនេះលោក Bartistuta ចង់បានន័យថា ជាការពិត Ronaldo បានសម្រាកកាលមួយប្រកួតពីសប្ដាហ៍មុន ក្នុងការប្រកួតជ័យជំនះទល់នឹងក្រុម Brescia ចំណែកឯរូបលោក រកគ្រាប់បាល់១១ប្រកួតជាប់គ្នាសម្រាប់ Fiorentina ដោយមិនមានសម្រាកក្នុងការប្រកួតណាមួយនៅចន្លោះនោះឡើយ៕

ប្រភព៖ Football Italia