Carragher អត់ទ្រាំនឹងសរសើរតារាឆ្នើម Liverpool រូបនេះមិនបាន ក្រោយលេងបានល្អខ្លាំង ពេលប៉ះ Chelsea

វីរបុរសក្រុមហង្សក្រហមលោក Jamie Carragher បាននិយាយបែបកំប្លែងថាអ្នកចាំទី Adrian គួរតែអាចទទួលបានផ្ទះមួយខ្នងដោយឥតគិតថ្លៃ បន្ទាប់ពីបង្ហាញពីភាពអស្ចារ្យរបស់គេនៅក្នុងការសង្គ្រោះបាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងពានរង្វាន់ Super Cup ទល់ក្រុម Chelsea ។

ជាក់ស្តែងកីឡាករវ័យ ៣២ ឆ្នាំដែលបានផ្លាស់ទៅទឹកដី Anfield កាលពី ៩ ថ្ងៃមុន ក្រោយពីបញ្ចប់ការផ្លាស់ប្តូរមួយ ដោយឥតគិតថ្លៃ បន្ទាប់ពីចាកចេញពី West Ham នោះ បានសង្គ្រោះគ្រាប់បាល់របស់ខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Tammy Abraham ដើម្បីធ្វើឲ្យក្រុមហង្សក្រហម Liverpool លើកពានរង្វាន់ Super Cup ។

ហើយយ៉ាងណាមិញចំពេលមានពាក្យចចាមអារ៉ាមថា Adrian កំពុងតែស្វះស្វែងរកទិញផ្ទះពីអលោក Carragher បន្ទាប់ពីការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមកកាន់ក្រុម Liverpool ផងនោះ អតីតជើងចាស់រូបនេះបានសរសើរនៅលើ Twitter របស់លោកថាអ្នកចាំទីរូបនេះនឹងត្រូវស្វាគមន៍មកកាន់ផ្ទះរបស់លោក ដោយមិនអស់ប្រាក់មួយសេនឡើយ ។

គួរបញ្ជាក់ផងដែរថា Adrian បានទទួលឱកាសក្នុងការលេងជាមួយក្រុមដំបូងរបស់ Klopp នេះ គឺដោយសារតែកីឡាករជម្រើសទី ១ Alisson បានទទួលរងរបួសរយ:ពេលវែងមួយ ក្នុងអំឡុងការប្រកួតបើកឆាករបស់ក្រុម Liverpool ទល់នឹងក្រុម Norwich City នាពេលកន្លងទៅ ៕

ប្រភព: Daily Mail