Chelsea កៀកនឹងបាន កីឡាករដែលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ មុនពេលចាយលុយធំទិញ Kepa

គ្រូបង្វឹកអ្នកចាំទីរបស់ក្លឹប Chelsea លោក Christophe Lollichon បានទំលាយថា អ្នកចាំទីដៃទី២របស់ក្លឹបបារាំង Paris Saint-Germain កីឡាករ​ Alphonse Areola កៀកនឹងផ្ទេរមកកាន់ទឹកដី Stamford Bridge ទៅហើយកាលពីរដូវក្ដៅកន្លងទៅនេះ។ ប៉ុន្ដែចុងក្រោយ Chelsea បែជាប្ដូរទៅទិញអ្នកចាំទី Kepa Arrizabalaga ដែលមានតំលៃ ៧១លានផោន ដែលជាតំលៃបំបែកកំណត់ត្រារបស់អ្នកចាំទី។

ប៉ុន្ដែលោក Lollichon បានលើកឡើងថា លោកចង់ធ្វើការជាមួយ កីឡាករដែលមានដើមកំណើតមកពីហ្វីលីពីនជាង ដោយសារលោកចាត់ទុកថារូបគេ ជាអ្នកចាំទីល្អបំផុតប្រចាំក្រុមជម្រើសជាតិបារាំង ហើយល្អជាង Hugo Lloris ទៅទៀត បន្ទាប់ពីរូបគេជួយក្រុមបារាំងបញ្ចប់លទ្ធផល ០-០ ទល់នឹងក្រុមអាល្លឺម៉ង់ ក្នុងការប្រកួត UEFA Nations League។

នៅក្នុងបទសម្ភាសន៍ជាមួយ Le Figaro លោក Lolichon បាននិយាយថា៖ “យើងនិយាយជាមួយគេច្រើនណាស់កាលពីរដូវក្ដៅនេះ ហើយគេចង់មកលេងនៅទីនេះផងដែរ ប៉ុន្ដែការសំរេចចិត្តចុងក្រោយមិនស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ខ្ញុំទេ។

“ខ្ញុំប្រាកដជាមានអារម្មណ៍រំភើបណាស់បើបានធ្វើការជាមួយគេ[Areola]។ ខ្ញុំមិនចាំបាច់រង់ចាំមើលគេបង្ហាញខ្លួនក្នុងការប្រកួត នៅថ្ងៃព្រហស្បត្តិ៍នោះទេ។ សំរាប់ខ្ញុំគេជាអ្នកចាំទីល្អបំផុតនាពេលបច្ចុប្បន្ននេះ។​ ទាំងរូបរាង ទាំងសមត្ថភាពលេងបាល់ និង ភាពអត់ធ្មត់ គេជាកីឡាករដែលវិវត្តខ្លួនបានល្អជាមួយនឹងក្រុម។ យើងយកចិត្តទុកដាក់តែទៅលើ Lloris ច្រើនពេកហើយ ប៉ុន្ដែ Areola គឺលេងល្អជាងគេ។”

បច្ចុប្បន្ន Areola ជាអ្នកចាំទីដៃទី២ នៅ PSG បន្ទាប់ពី Gianluigi Buffon ដែលទើបតែផ្លាស់មកពី Juventus ប៉ុន្ដែរូបគេសំរេចចិត្តនៅបន្ដលេងអោយក្លឹបបារាំង ដោយសារគេគិតថា គេនឹងទទួលបានតំណែងអ្នកចាំទីដៃទី១ នៅពេលដែល Buffon ចូលនិវត្ត៕

ប្រភព៖ Daily Mail