Chelsea ប្រាកដចិត្ត ក្នុងការតែងតាំងគ្រូបង្វឹករូបនេះជំនួស ក្រោយអនុញ្ញាតិឲ្យលោក Sarri ចាកចេញជាផ្លូវការ

ក្លឹបយក្សអ៊ីតាលី Juventus បានប្រកាសជាផ្លូវការ ចំពោះការយល់ព្រមលើកិច្ចព្រមព្រៀងមួយតម្លៃ 5 លានផោន សម្រាប់គ្រូបង្វឹកលោក Maurizio Sarri ខណ:ដែលវាជាគន្លឹះសំខាន់ សម្រាប់អនាគតរបស់ជើងចាស់លោក Frank Lampard ក្នុងវិលត្រលប់មកកាន់ទឹកដីក្រុម Chelsea វិញ ។

ជាក់ស្តែងមន្ត្រីរបស់ក្លឹប Juventus បានជួបចរចាជាមួយក្រុម Chelsea កាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមនៅអង់គ្លេសមួយនេះ​ បានទាមទារឱ្យមានការផ្តល់ជូននូវសំណងយ៉ាងច្រើន មុនពេលអនុញ្ញាតិឱ្យលោក Sarri វិលត្រឡប់ទៅកាន់អ៊ីតាលីវិញ ។

គួរបញ្ជាក់ផងដែរថា  Lampard ដែលកំពុងដឹកនាំនៅក្លឹប Derby ត្រូវបានលោកប្រធានក្លឹបលោក Abramovich ចាត់ជាគោលដៅទីមួយ ក្នុងការចូលមកកាន់តំណែងជាអ្នកចាត់ការថ្មីនេះ ។

តែទោះជាយ៉ាងណាក្រុម Chelsea នៅតែរងចាំមើលការសម្រេចចិត្តរបស់   Lampard ជាមុនសិន ខណ:ដែលអតីតជើងចាស់របស់ក្លឹបរូបនេះ កំពុងមានភាពសប្បាយរីករាយជាមួយការងាររបស់លោកនៅឯក្លឹប Derby City នឹងការបានធ្វើការជាមួយកីឡាករវ័យក្មេងៗ នៅទីនោះ ៕

​ប្រភព: Mirror