Chelsea, Liverpool បានបីពិន្ទុ ខណៈ Arsenal ត្រូវបរាជ័យទល់នឹង West Ham

ក្រុមកំពូលតារាង Liverpool ទទួលបានបីពិន្ទុដ៏មានតំលៃ ក្នុងការប្រកួតទល់នឹង Brighton ដោយបាល់ប៉េណាល់ទីរបស់តារាឆ្នើម Mohamed Salah ដែលបញ្ចប់លទ្ធផល ១-០។

ក្រុមហង្សក្រហមបានគ្រប់គ្រងការប្រកួត ៧០% ទល់នឹងក្រុមម្ចាស់ផ្ទះ ប៉ុន្ដែពិបាកនឹងរកឱកាសរកគ្រាប់បាល់ រហូតដល់កីឡាករ Pascal Gross បានធ្វើអោយ Salah ដួលនៅតំបន់គ្រោះថ្នាក់។

ខ្សែប្រយុទ្ធអេហ្ស៊ីប បានស៊ុតជើងឆ្វេងនៅចំងាយ១១ម៉ែត្រពីបង្គោលទី បានសំរេច ដែលជាគ្រាប់បាល់ទី១៤របស់ខ្លួននៅ Premier League​ រដូវកាលនេះ ក៏ដូចជានាំជ័យជំនះអោយ ក្រុមដែលដឹកនាំដោយលោក Jurgen Klopp មានគំលាត៧ពិន្ទុពី ក្រុម Manchester City ផងដែរ។

ចំណែកឯក្រុម Chelsea របស់លោក Maurizio Sarri វិញ ក៏ទទួលបានបីពិន្ទុផងដែរ ក្នុងការប្រកួតទល់នឹងក្រុម Newcastle United នៅទឹកដី Stamford Bridge ក្រោយពី តារាឆ្នើមប្រេស៊ីល William រកគ្រាប់បាល់ជ័យជំនះដ៏អស្ចារ្យនៅក្នុងតង់ទី២។

William បានស៊ុតកោងបញ្ចូលទី យ៉ាងល្អផុតដៃអ្នកចាំទី  Martin Dubravka មុនពេលដែល Ciaran Clark តែតបញ្ចូលទី តាមស្មើគ្រាប់បាល់បើកឆាករបស់ Pedro។

ដោយឡែកក្រុមកាំភ្លើងធំ Arsenal វិញ ត្រូវបរាជ័យក្នុងជំនួប ជាមួយនឹងក្រុមរួមទីក្រុងឡុងដ៍ West Ham ក្នុងលទ្ធផល ១-០ ដែលធ្វើអោយគំលាតតែ៣ពិន្ទុប៉ុណ្ណោះ ពីក្រុម Manchester United ដែលត្រូវប្រកួតទល់នឹង Tottenham នារាត្រីនេះ៕

 

មតិយោបល់