CL ឆ្នាំ​នេះ​អាច​ជា​ក្រុម​ណា? Seedorf រាយ​ឈ្មោះ​ក្រុម​យក្ស ៧ តែ​ធីប​ចោល​ក្រុម​ខ្លាំង​មួយ

វីរបុរស​ជើង​ចាស់ Clarence Seedorf ធ្លាប់​លេង​ឲ្យ​ក្លឹប Real Madrid និង Ajax ដោយ​អំឡុង​ពេល​នៃ​អាជីព​របស់​ខ្លួន លោក​បាន​ឈ្នះ​ Champions League ជាមួយ​ក្លឹប​យក្ស​ទាំង​ពីរ​នេះ​ផ្ទាល់។ ថ្លែង​នា​កិច្ចសម្ភាសន៍​ជាមួយ Marca ​លោក​បាន​ឆ្លើយតប​នូវ​សំណួរ​ដ៏​ក្តៅ​គគុក​មួយ​ចំនួន។

តើ​រវាង​អតីត​ក្រុម​ទាំង​ពីរ​របស់​អ្នក​ត្រូវ​ប៉ះ​គ្នា​នៅ CL មួយ​ណា​អ្នក​គិត​ថា​នឹង​ឈ្នះ? “គឺ​ពិត​ណាស់​ជា Real madrid ដោយ​ពួក​គេ​កំពុង​ការពារ​ជើង​ឯក ហើយ​មាន​បទពិសោធន៍​ក្រាស់ក្រែល​នៅ Champions League នេះ​ផ្ទាល់ បែប​នេះ ១០០ ភាគរយ​ Real នឹង​ឈ្នះ”។

បើ​អ្នក​ត្រូវ​បង្ខំ​ឲ្យ​ឆ្លើយ តើ​មួយ​ណា​ល្អ​ជាង​រវាង Cristiano ឬ Messi? “អ្នក​ទាំង​ពីរ​បាន​ជោគជ័យ​ក្នុង​ពិភព​បាល់ទាត់​រយៈ​ពេល ១ ទសវត្សរ៍​ចុង​ក្រោយ ដោយ Messi មាន​ស្ទាយ​លេង​របស់​គេ ស្រប​ពេល Ronaldo ក៏​ធ្វើ​បាន​ល្អ​ម្យ៉ាង​ម្នាក់ ​ពោល​គឺ​អ្នក​ទាំង​ពីរ​នៅ​តែ​បន្ត​ជា​ជើង​ឯក”។

តើ​ក្រុម​ណា​អាច​ឈ្នះ Champions League រដូវ​កាល ២០១៨/១៩? “ខ្ញុំ​គិត​ថា Liverpool អាច​ស្ថិត​ក្នុង​ចំណោម​នោះ ព្រោះ​ពួក​គេ​ធ្វើ​បាន​ល្អ​ខ្លាំង​នៅ Premier League ស្រប​ពេល Juventus ក៏​អាច​នឹង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ក៏​អាច​មាន Atletico Madrid, PSG, Bayern, Barcelona និង Man City ដោយ​ក្រុម​ទាំង​នេះ​សុទ្ធ​សឹង​អាច​ប្រកួតប្រជែង​ពាន​រង្វាន់​នេះ​បាន”។

ក្នុង​ន័យ​ខាង​លើ​យើង​សង្កេត​ឃើញ​ថា​ថា​ Seedorf បាន​ធីប​ចោល​ក្រុម Man Utd ពោល​គឺ​លោក​រើស​យក PSG ដែល​រំពឹង​ជា​អ្នក​ឈ្នះ​ប្រកួត​វគ្គ ១៦ ក្រុម។ ចុះ​ការ​គិត​របស់​អ្នក​វិញ សូម​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម។

ប្រភព: ​Marca