Cong Phuong លើក ២ ហេតុផល​ជឿ​ថា​វៀតណាម​នឹង​មាន​កៅអី​នៅ World Cup 2022

ឆ្លើយតប​នឹង​ភាព​ជោគជ័យ​នៃ​វិស័យ​កីឡា​បាល់ទាត់​វៀតណាម​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​ជំរុញ​ឲ្យ​មាន​ការ​ជឿជាក់​ថា​ក្រុម​នាគ​មាស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​មាន​សង្ឃឹម​ខ្ពស់​អាច​កក់​កៅអី​ឡើង​ទៅ​តតាំង​នៅ​ពាន​រង្វាន់ FIFA World Cup ២០២២។

ការ​ប្រកួត​ជម្រុះ​នឹង​ធ្វើ​ឡើង​នា​ខែ​កញ្ញា ខណៈ​ FIFA ក៏​កំពុង​ពិចារណា​ក្នុង​ការ​បន្ថែម​កៅអី​ដល់​ទៅ ៤៨ ​ក្រុម។ តាម​ការ​លើក​ឡើង​របស់​ខ្សែ​ប្រយុទ្ធ Cong Phuong ក៏​លើក​ឡើង ២ ចំណុច​ដែល​ជឿ​ថា​ក្រុម​ខ្លួន​អាច​លេច​វត្តមាន​ក្នុង​ការ​ប្រកួត​នៅ​កាតា ដោយ​មួយ​ទាក់ទិន​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ និង​ពីរ​គួប​ផ្សំ​ការ​ជ្រោមជ្រែង​ពី​អ្នកចាត់ការ​លោក Park Hang-seo។

Cong Phuong បាន​ប្រាប់​ថា៖ “ខ្ញុំ​ជឿ​ថា​វា​អាច​ទៅ​រួច​ដែល​យើង​អាច​ឡើង​ទៅ WC ២០២២ ប្រសិន​ណា​យើង​មាន​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​និង​សំណាង​ល្អ​ដូច​ដែល​យើង​ឆ្លង​កាត់​នៅ Asian Cup”។

រូបគេ​បន្ត​ថា៖ “យើង​ក៏​មាន​ភាព​ក្លាហាន​ដ៏​អស្ចារ្យ​មួយ​ក្នុង​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ជាមួយ​អ្នកចាត់ការ​របស់​យើង​លោក Park ដែល​គាត់​ជា​កម្លាំង​ជួយ​យើង​ធំ​បំផុត​ឲ្យ​ឆ្លង​កាត់​វគ្គ​ជម្រុះ”។

រំឭក​ថា​កាល​ពី​ឆ្នាំ ២០១៨ ​វៀតណាម​ទើប​តែ​ឈ្នះ​ពាន​រង្វាន់ AFF Suzuki Cup ហើយ​ឆ្ពោះ​មក​ដល់​ជោគជ័យ​មួយ​យ៉ាង​ធំធេង​នៅ​វគ្គ ៨ ​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ AFC Asian Cup បន្ទាប់​ពី​ត្រូវ​ចាញ់​ជប៉ុន ប៉ុន្តែ​បច្ចុប្បន្ន​មាន​ចំណាត់ថ្នាក់​ទី ៩៩ ​ក្នុង​ FIFA World Ranking។

ប្រភព:FoxSportAsia