Costa មិនហាមឃាត់ Griezmann ព្រោះដឹងថាគេចង់លេងជាមួយកីឡាករក្រុម Barca ពីររូបនេះ

កីឡាករ Diego Costa បានសារភាពថារូបគេមិនបានព្យាយាមបញ្ចុះបញ្ចូល Antoine Griezmann ឱ្យស្នាក់នៅក្រុម Atletico Madrid បន្តនោះទេ កាលពីរដូវក្តៅនេះ ។

គួរបញ្ជាក់ថា Griezmann ដែលអាចរកបាន ២១ គ្រាប់អោយក្រុម Atletico កាលពីរដូវកាលមុន ទីបំផុតបានបញ្ចប់ការផ្លាស់ប្តូរគួរឲ្យភ្ញាក់ផ្អើលមួយ ជាមួយចំនួនទឹកប្រាក់ចំនួន ១០៨ លានផោន ទៅកាន់ក្រុម Barcelona កាលពីខែកក្កដា ។

ហើយយ៉ាងណាមិញ Costa ដែលបានលេងជាមួយ Griezmann អស់រយៈពេលមួយរដូវកន្លះ ក្រោមការដឹកនាំរបស់លោក Diego Simeone ជឿជាក់ថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ចង់ចាកចេញពីក្លឹប គឺដោយហេតុផលត្រឹមត្រូវ ។

លើសពីនេះដោយថ្លែងទៅកាន់ Que Partizado កីឡាករ Costa បាននិយាយថា ៖ “ ក្តីសុបិន្តរបស់គាត់គឺលេងជាមួយ Messi និង Luis Suarez ” ។

គេបន្តទៀតថា ៖ ” យើងទាំងអស់គ្នាស្គាល់ Griezmann ច្បាស់ ។ ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ គេតែងតែចង់សាកល្បងរឿងផ្សេងៗថ្មីៗ ហើយវាជារឿងធម្មតាទេ ដែលគាត់ចង់សាកល្បងនៅទីនោះ ” ៕​

ប្រភព: Daily Mail