Coutinho និយាយពីបញ្ហាដែលបានកើតឡើងនៅ Barca ក្រោយផ្លាស់ទៅកាន់ Bayern Munich

Philippe Coutinho បានទទួលស្គាល់ថា បញ្ហាធំមួយរបស់ខ្លួននៅជាមួយ Barcelona នោះគឺ អ្វីៗមិនដំណើរការតាមការរំពឹងទុក ដែលជំរុញអោយកីឡាកររូបនេះ ផ្លាស់មកចូលរួមជាមួយនឹង Bayern Munich ជាផ្លូវការក្នុងលក្ខខណ្ឌខ្ចីជើងកាលពីថ្ងៃចន្ទកន្លងទៅ។

Coutinho បានផ្ទេរមកកាន់ Barcelona ពីក្លឹបអង់គ្លេស Liverpool កាលពីខែមករាឆ្នាំ ២០១៨ ក្នុងតំលៃ ១៧៨លានដុល្លារ ហើយរូបគេរកគ្រាប់បាល់បាន ៨គ្រាប់ សំរាប់១៨ប្រកួតរបស់ខ្លួននៅលីគកំពូលអេស្ប៉ាញ។

ទោះយ៉ាងណាក្ដី ខ្សបម្រើប្រេស៊ីលរូបនេះ មិនបានបង្ហាញទម្រង់ល្អដូចកាលនៅ Liverpool នោះទេ ហើយរូបគេមានការពិបាកក្នុងការដណ្ដើមកៅអីជម្រើស១១នាក់ដំបូង។

ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ បានថ្លែងប្រាប់អ្នកកាសែតថា៖ “កង្វល់នៅ Barcelona នោះគឺអ្វីៗមិនដូចតាមការចង់បានរបស់យើង។ ប៉ុន្ដែវាជាអតីតកាល។ នេះគឺជាក្លឹបថ្មី ជាក្លឹបដ៏សំខាន់។ ខ្ញុំសង្ឃឹមថាខ្ញុំអាចនៅទីនេះបានយូរហើយឈ្នះពានជាច្រើនផងដែរ។”

ប្រភព៖ Goal