Cristiano Ronaldo វែកញែកចំនុចខុសគ្នាមួយរវាងខ្លួន ជាមួយនឹង Lionel Messi

ការជជែកវែកញែកថាតើ នរណាគឺជាកីឡាករល្អបំផុត រវាង Cristiano Ronaldo និង Lionel Messi មិនទាន់ស្វែងរកឃើញចំលើយនៅឡើយទេ ប៉ុន្ដែកាលពីថ្មីៗនេះ ខ្សែប្រយុទ្ធព័រទុយហ្គាល់ បានធ្វើការវែកញែកភាពខុសគ្នារវាងរូបគេ ជាមួយនឹងប្រធានក្រុម Barcelona ដោយការលើកឡើងថា ខ្លួនបានជួយអោយក្រុមពីរផ្សេងគ្នាឈ្នះពាន Champions League។

ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ បានឈ្នះពានកំពូលប្រចាំតំបន់អឺរ៉ុបមួយនេះ ជាមួយនឹងក្លឹប Manchester United និង Real Madrid ហើយរូបគេរំពឹងថា អាចឈ្នះពានមួយនេះសារជាថ្មីជាមួយនឹងក្លឹបទី៣គឺ Juventus។

នៅក្នុងបទសម្ភាសន៍របស់ DAZN ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះបាននិយាយថា៖ “ភាពខុសប្លែកគ្នាជាមួយខ្ញុំ គឺថា ខ្ញុំឈ្នះ Champions League ជាមួយនឹងក្រុមផ្សេងគ្នា។ ខ្ញុំជាអ្នករកគ្រាប់បាល់បានច្រើនបំផុតនៅ Champions League ៦ឆ្នាំជាប់គ្នា។

“Messi ជាកីឡាករឆ្នើមមួយរូប ដែលត្រូវបានគេចងចាំ មិនមែនសំរាប់តែការឈ្នះពាន Ballon d’Or នោះទេ ប៉ុន្ដែសំរាប់ការតែងតែឈានមកកាន់កំរិតកំពូល ពីមួយឆ្នាំទៅមួយឆ្នាំ ដូចខ្ញុំដែរ។”

ប្រភព៖ Marca