Daily Star៖ Pep នឹងដើរចេញពីក្រុម Man City ចុងបញ្ចប់រដូវកាលក្រោយ បើសិនគាត់អាចសម្រេចរឿងមួយនេះបាន

លោក Pep Guardiola បានគិតរួចរាល់អស់ហើយ ចំពោះការសម្រាកពីការងារជាអ្នកដឹកនាំក្រុមរបស់លោក នៅពេលណាដែលគាត់ទទួលបាននូវអ្វី ដែលគាត់ចង់បាន ។

គួរបញ្ជាក់ផងដែរថាលោក Guardiola គ្រូបង្វឹករបស់ក្លឹប Manchester City បានឈ្នះពានរង្វាន់បីនៅក្នុងរដូវកាលនេះ ជាមួយនឹងការលើកពានរង្វាន់ FA Cup , Carabao Cup និងប្រជែងក្រុម Liverpool ដើម្បីឈ្នះពានរង្វាន់ Premier League ផងដែរ ។

យ៉ាងណាមិញលោក Guardiola ត្រូវបានចុះកិច្ចសន្យានៅទឹកដី Etihad រហូតដល់ឆ្នាំ 2021 និងបានច្រានចោលការផ្សាភ្ចាប់ទំនាក់ទំនងជាមួយនឹងក្លឹប Juventus ផងដែរ ដោយទទូចថាគាត់កំពុងមានភាពសប្បាយរីករាយជាមួយនឹងក្លឹប Man City ។

ប៉ុន្តែទោះជាយ៉ាងណាបើយោងតាមសារព័ត៌មាន Daily Star បានរាយការណ៍ថាលោក Guardiola អាចនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលក្រោយ បើសិនជាក្រុមក្រុម Man City អាចឈ្នះពានរង្វាន់ Champions League ។

មិនតែប៉ុណ្ណោះប្រភពដែលជិតស្និទ្ធជាមួយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានលើកឡើងលោក Pep ត្រូវការពេលសម្រាកពីការងាររបស់គាត់​​ នៅពេលណាគាត់អាចសម្រេចនូវអ្វី ដែលគាត់ចង់បាន ៕

ប្រភព: Mirror