Dalot បានទម្លាយឲ្យដឹងពីពេលវេលាល្អមួយដែលគេបំភ្លេចមិនបានជាមួយនឹង Man Utd

បច្ចុប្បន្នក្លឹបបិសាចក្រហម Manchester United កំពុងតែឡើងជើងយ៉ាងគំហុកនារដូវកាល ២០១៩/២០ នេះ ពោលគឺ ១១ ប្រកួតចុងក្រោយមិនដែលស្គាល់ពាក្យថាចាញ់ឡើយ។ ទន្ទឹមនឹងនោះដែរ កីឡាករ Diogo Dalot ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជាមួយក្លឹបពាក់ព័ន្ធនឹងរឿងរ៉ាវចាស់មួយចំនួន។

Dalot

ខ្សែការពារវ័យ ២១ ឆ្នាំត្រូវបានអ្នកគាំទ្រចោទសួរពីពេលវេលាដ៏ល្អបំផុតមួយរបស់គេជាមួយនឹង Man Utd ហើយគេក៏បានឆ្លើយតបថា ការប្រកួតរវាង Man Utd និង PSG នៅវគ្គ​ ១៦​ ក្រុមចុងក្រោយនៃ UCL ឆ្នាំទៅគឺជាការប្រកួតដែលរូបគេបំភ្លេចមិនបាន។

Rashford

រំឭកទៅការប្រកួតនោះដែរថា បន្ទាប់ពីបរាជ័យក្រោមថ្វីជើង PSG នៅជើងទី ១ នៅក្នុងដីខ្លួនឯងក្រោមលទ្ធផល ២-០ មក Man Utd ចាំបាច់ត្រូវការបង្កើតអភិនិហាដើម្បីឡើងទៅវគ្គបន្ទាប់។ នៅជើងទី ២ បិសាចក្រហមបានតស៊ូយកឈ្នះនៅទឹកដីក្លឹបបារាំងនាលទ្ធផល ១-៣ (Rashford សម្រេចបាល់ចុងម៉ោងនាទី ៩០+៤) រុញឲ្យ United បានទម្លាក់ PSG ឆ្ពោះទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។

Dalot

គួរបញ្ជាក់ដែរថា Dalot ត្រូវបានទិញពីក្លឹប Porto មកក្លឹប Man Utd ក្នុងតម្លៃខ្លួនប្រមាណ ២២ លានអឺរ៉ូកាលពីខែកក្កដា ២០១៨។ បើទោះបីជាទើបបង្ហាញខ្លួនបានត្រឹមតែ ១ រដូវកាល​កន្លះក៏ពិតមែន តែរូបគេត្រូវបានអ្នកគាំទ្រចាត់ទុកជាកីឡាករមួយរូបដែលខ្វះមិនបានក្នុងក្រុមទៅហើយ៕

ប្រភព: AF