De Bruyne ថាការស៊ុតបញ្ចូលទី៥គ្រាប់ ពេលចូលលេងនៅតង់ទី២ បានផ្លាស់ប្ដូរជីវិត ១៨០ដឺក្រេ

Kevin de Bruyne ត្រូវបានគេចាត់ទុកថា ជាកីឡាករឆ្នើមមួយរូបនៅក្នុងពិភពបាល់ទាត់ នាពេលបច្ចុប្បន្ន ដោយបានចូលរួមចំនែកអោយក្រុម Manchester City ឈ្នះពាន Premier League ក៏ដូចជាជួយអោយក្រុមជម្រើសជាតិបែលហ្ស៊ិកទទួលបានតំណែងលេខ៣ ក្នុងការប្រកួត World Cup 2018 ផងដែរ ប៉ុន្ដែទំរាំមកដល់ពេលនេះ រូបគេបានឆ្លងកាត់ឧបសគ្គរាប់មិនអស់។

ហើយរឿងឈឺចាប់ដែលរូបគេចងចាំមិនភ្លេចនោះគឺ កើតឡើងនៅពេលដែលរូបគេមានអាយុ១៥ឆ្នាំ។ De Bruyne ជាកីឡាករវ័យក្មេងមួយរូបដ៏មានទេពកោសល្យផងដែរ ហើយបានចុះកុងត្រាលេងអោយថ្នាលយុវជនរបស់ក្លឹប Genk។

បញ្ហាដែលបានកើតឡើងនាពេលនោះគឺ ក្លឹប Genk មានចំងាយ ១៥០គីឡូម៉ែត្រ ពីផ្ទះរបស់គេ ដូច្នេះគគេត្រូវចាកចេញពីផ្ទះរបស់ខ្លួនទាំងនៅវ័យក្មេង មករស់នៅ ជាមួយនឹងឪពុកម្ដាយចិញ្ចឹម(ដែលក្លឹបជួលសំរាប់ការមើលថែ)។ ខ្សែបម្រើបែលហ្ស៊ិករូបនេះ ជាក្មេងល្អ រៀនពូកែ និង មិនដែលបង្កបញ្ហាអ្វីឡើយ។

នៅចុងរដូវកាល De Bruyne បានត្រលប់ទៅផ្ទះរបស់គេ ដើម្បីសួរសុខទុក្ខក្រុមគ្រួសារ។ ប៉ុន្ដែនៅពេលដែលទៅដល់ផ្ទះ ស្រាប់តែគេបានឃើញម្ដាយរបស់គេអង្គុយទ្រហូរយំ។ ដំបូងឡើយ De Bruyne ស្មានថានរណាម្នាក់ស្លាប់ ឬ បញ្ហាធំកើតឡើងនៅក្នុងគ្រួសារ ប៉ុន្ដែអ្វីដែលជាបញ្ហានោះគឺ ឪពុកម្ដាយចិញ្ចឹមរបស់គេ។ ពួកគេបាននិយាយថា De Bruyne ជាមនុស្សដែលស្ងៀមស្ងាត់ខ្លាំងពេក ដែលធ្វើអោយពួកគេពិបាក ក្នុងការទំនាក់ទំនង។

ហើយក្រោយមក តារាឆ្នើមរបស់ Man City រូបនេះ ត្រូវជួបបញ្ហាដ៏ធំនៅក្នុងអាជីពរបស់គេ ដោយក្លឹបគិតថា រូបគេបានបង្កបញ្ហា ហើយបានផ្ដល់ដំណឹងទៅឪពុកម្ដាយរបស់គេថា ក្លឹបនឹងមិនចំណាយសំរាប់គ្រួសារចិញ្ចឹមណាទៀតឡើយ។

De Bruyne មានការខឹងសម្បារជាខ្លាំង ចំពោះទង្វើដែលក្លឹបបានធ្វើ ហើយរូបគេបានទាត់បាល់ទៅនឹងជញ្ជាំងជាច្រើនម៉ោង ហើយបានស្រែកបញ្ចេញកំហឹងខ្លាំងៗ។

ពីរខែក្រោយមក អ្វីគ្រប់យ៉ាងបានវិលត្រលប់មកធម្មតាវិញ ដោយរូបគេមានឱកាសចូលលេងជាមួយឈុតធំ ហើយការប្រកួតដែលអតីតខ្សែបម្រើក្រុម Chelsea រូបនេះចាំមិនភ្លេចនោះគឺ រូបគេបានប្ដូរចូលនៅក្នុងការប្រកួតក្នុងតង់ទី២ ហើយស៊ុតបញ្ចូលទីបាន៥គ្រាប់។

ចាប់ពីពេលនោះមក រូបគេទទួលបានការគាំទ្រ និង ផលវិជ្ជមានជាច្រើន ហើយគ្រួសារចិញ្ចឹមដែលមានបញ្ហាជាមួយគេ បានផ្លាស់ប្ដូរឥរិយាបទទាំងស្រុង។ នៅពេលដែល De Bruyne បានជួយជាមួយពួកគេ នារីជាម្ដាយចិញ្ចឹមបានបកស្រាយថា គ្រប់យ៉ាងគ្រាន់តែជារឿងយល់ច្រលំ ហើយចង់អោយរូបគេត្រលប់ទៅរួមរស់ជាមួយពួកគេវិញ។

ប្រហែលវាជារឿងមួយដ៏គួរអោយអស់សំនើចនៅពេលនោះ ប៉ុន្ដែវាបានធ្វើអោយ ខ្សែបម្រើឆ្នើមរូបនេះមានការឈឺចាប់ ហើយបានឆ្លើយតបទៅវិញថា៖  “អ្នកបានបោះខ្ញុំចោលទៅក្នុងគំនរសំរាម ឥឡូវខ្ញុំធ្វើបានល្អ ហើយអ្នកចង់បានខ្ញុំត្រលប់ទៅវិញ?” ទោះយ៉ាងណាក្ដី De Bruyne យល់ឃើញថារូបគេគួរតែអរគុណដល់គ្រួសារនោះ ដែលជំរុញអោយគេមានការខិតខំប្រឹងប្រែង ធ្វើអោយអាជីពរបស់គេទទួលបានភាពជោគជ័យ៕

ប្រភព៖ Be Soccer

មតិយោបល់