De Jong ចង់បន្សល់កាដូរគាប់ចិត្តដល់ Ajax មុនពេលចាកចេញទៅ Barcelona រដូវកាលក្រោយ

ខ្សែបម្រើ Frenkie de Jong របស់ក្រុម Ajax ចង់បំពេញបំណងឈ្នះពាន ៣ក្នុងមួយរដូវកាល ជាកាដូរលាគ្នាជាមួយនឹងក្រុមកំពុងឡើងជើងនៅហូឡង់។

De Jong បានសំរេចចិត្តផ្លាស់ទៅកាន់ Barcelona នៅរដូវកាលក្រោយ ក្នុងតំលៃខ្លួន ៧៥លានអឺរ៉ូ ប៉ុន្ដែ រយៈពេលដែលនៅសល់ក្នុងរដូវកាលនេះ បានផ្ដល់ឱកាសអោយរូបគេ តបស្នងដល់ក្លឹបបច្ចុប្បន្នដែលគេកំពុងលេង ដែលបានជួយអោយរូបគេឈានមកកាន់កំរិតមួយដ៏ប្រសើរ។

ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Erik ten Hag បានទំលាក់ក្រុម Real Madrid និង Juventus នៅក្នុងវគ្គកន្លងមក ហើយឈានមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ហើយត្រូវប្រកួតតទល់ជាមួយនឹង Tottenham នៅរាត្រីនេះ។

ដោយឡែកសំរាប់ការប្រកួតនៅក្នុងលីគ Eredivisie ក្រុម Ajax ឈរនៅកំពូលតារាង ប៉ុន្ដែមានពិន្ទុស្មើជាមួយនឹង PSV ខណៈដែល ការប្រកួតនៅសល់ ២ប្រកួតទៀត ហើយ ក្រុមរបស់ De Jong ក៏ត្រូវប្រកួតទល់នឹង Willem II នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ KNVB Beker ផងដែរ។

ឆ្លើយតបទៅនឹងសំនួរ ការឈ្នះពាន៣ ជាកាដូរចុងក្រោយសំរាប់ Ajax មុនពេលចាកចេញទៅ Barcelona De Jong បាននិយាយថា៖  “ជាក្ដីរំពឹងយើងនឹងអាចធ្វើបាន នៅពេលដែលយើងអាចឈ្នះ៦ប្រកួតបន្ទាប់ យើអាចឈ្នះពាន៣ហើយ។

“យើងបានឈានមកកាន់វគ្គកាន់តែកៀកនឹងឈ្នះ Champions League។ នៅ Eredivisie យើងឈរនៅកំពូលតារាង ហើយយើងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Cup ផងដែរ។ ខ្ញុំមិនទាន់ប្រាកដទេ ថាយើងអាចឈ្នះគ្រប់ពានរង្វាន់ទាំងអស់ ប៉ុន្ដែ វាច្បាស់ជាអាចទៅរួច។”

ប្រភព៖ AS