Dybala និយាយពីស្ថានភាពលំបាករបស់ខ្លួន ក្រោយពេលឆ្លងវីរុសកូរ៉ូណា

តារាឆ្នើម Paulo Dybala របស់ក្លឹប Juventus បាននិយាយកាលពីថ្ងៃសុក្រថា រូបគេមានការពិបាកក្នុងការដកដង្ហើម បន្ទាប់ពីបានឆ្លងវីរុសកូរ៉ូណា ដែលបច្ចុប្បន្នបានឆក់យកជីវិតមនុស្សជាង ៩.០០០នាក់ នៅអ៊ីតាលី។

Paulo Dybala

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានប្រកាសជាសាធារណៈកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនថា រូបគេបានឆ្លងជម្ងឺកូវីដ១៩ ដូចមិត្តរួមក្រុម Daniele Rugani និង Blaise Matuidi ផងដែរ ដែលកីឡាករទាំងពីររូបនេះ មិនបានបង្ហាញអាការៈអ្វីឡើយ។

Paulo Dybala

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ បានថ្លែងប្រាប់ JTV ថា៖ “ខ្ញុំមានអារម្មណ៍ល្អប្រសើរហើយនៅពេលនេះ បន្ទាប់ពីមានអាការៈធ្ងន់ធ្ងរ។ កាលពី២ថ្ងៃមុន ខ្ញុំមានសុខភាពមិនល្អនោះទេ ខ្ញុំមានអារម្មណ៍ធ្ងន់ក្បាល ហើយ៥នាទីក្រោយមកខ្ញុំបានឈប់ ព្រោះខ្ញុំពិបាកដកដង្ហើម។ ពេលនេះខ្ញុំអាចធ្វើចលនាបាន ហើយអាចដើរដើម្បីចាប់ផ្ដើមហ្វឹកហាត់ ព្រោះនៅពេលដែលខ្ញុំព្យាយាមកាលពី ២ ៣ថ្ងៃមុន ខ្ញុំបានញាក់ញ័រខ្លាំងណាស់។”

Paulo Dybala

Dybala បានបន្ដថា៖ “ខ្ញុំបានដកដង្ហើមតាមមាត់ ហើយជាលទ្ធផលខ្ញុំមិនបានធ្វើអ្វីទាំងអស់ ៥នាទីក្រោយមក ខ្ញុំមានអារម្មណ៍ថាហត់នឿយ ខ្ញុំមានអារម្មណ៍ថា មានអារម្មណ៍ធ្ងន់ខ្លួន ហើយឈឺសាច់ដុំ។ ពេលនេះខ្ញុំសុខធម្មតាទេ។ គូដណ្ដឹងរបស់ខ្ញុំក៏បាត់អាការៈនេះផងដែរ។”

ប្រភព៖ Be Soccer