Emery ខកចិត្តខ្លាំង ក្រោយក្លឹបកំពូលមួយនៅអុីតាលី បដិសេធធ្វើការផ្ទេរយក Ozil

អនាគតរបស់ Mesut Ozil នៅក្រុម Arsenal កំពុងស្ថិតភាពសង្ស័យយ៉ាងធ្ងន់ធ្ងរមួយ ដោយសារតែកីឡាករអាល្លឺម៉ង់រូបនេះមិនមានតួនាទីលេងនៅក្នុងកៅអីក្រុមដំបូងរបស់គ្រូបង្វឹកលោក Unai Emery នោះទេ ។

ជាក់ស្តែងគ្រូបង្វឹកអេស្ប៉ាញរូបនេះចង់ធ្វើការផ្លាស់ប្តូរ Ozil ចេញនៅរដូវក្តៅខាងមុខនេះ ខណៈដែលលោកចង់បានប្រាក់កម្រៃពីការលក់កីឡាកររូបនេះមកសាងសង់ក្រុមថ្មីរបស់លោកនៅទឹកដី Emirates ។

យ៉ាងណាមិញបើយោងទៅតាមរបាយការណ៍មួយនៅក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថាក្លឹប Inter Milan បានច្រានចោលនូវជម្រើសដើម្បីនាំយក Ozil នៅរដូវក្តៅខាងមុខនេះ ។

គួរបញ្ជាក់ថាក្រុម Inter ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយ Ozil អស់រយៈពេលជាច្រើនមកខែហើយ ខណ:ក្រុមកាំភ្លើងធំក៏បានព្យាយាមលក់ចេញខ្សែបម្រើអាល្លឺម៉ង់រូបនេះនៅចុងបញ្ចប់រដូវកាលនេះដែរ ហើយវាបានអះអាងថាក្រុមកាំភ្លើងធំក៏បានទាក់ទងជាមួយក្រុម Inter Milan លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយផងដែរ ។

តែទោះជាយ៉ាងណាក៏ដោយប្រធានក្លឹប Inter Milan មិនចង់បាន Ozil ឡើយព្រោះដោយសារទម្រង់លេងដ៏ធ្លាក់ចុះរបស់គេ បើទោះបីជាក្លឹប Arsenal បានបោះបង់ចោលការផ្ទេរមួយដែលមានតម្លៃខ្ពស់ក៏ដោយ ៕

ប្រភព: Mirror 

 

មតិយោបល់