Emery ខឹងសម្បានឹងកូនក្រុមខ្លួនមួយរូប ដែលមិនស្តាប់តាមបង្គាប់ខ្លួន មុនត្រូវអវត្តមានក្នុងជំនួបទល់ Chelsea

គ្រូបង្វឹកលោក Unai Emery បានបង្ហើបឲ្យដឹងថាកីឡាករ Aaron Ramsey បានជំទាស់នឹងការណែនាំរបស់លោក មុនពេលត្រូវទទួលរងរបួសរហូតឈានដល់ការបញ្ចប់អាជីពជាមួយក្រុម Arsenal មុនពេលកំណត់ ។

គួរបញ្ជាក់ផងដែរថាខ្សែបម្រើសញ្ជាតិវេលស៍រូបនេះបានលេងការប្រកួតចុងក្រោយរបស់គេសម្រាប់ក្រុម Arsenal ក្រោយពីបានយល់ព្រមធ្វើការផ្លាស់ប្តូរដោយគ្មានតម្លៃខ្លួនមួយទៅកាន់ក្រុម Juventus នៅរដូវកាលក្រោយនេះ ។

យ៉ាងណាមិញ Ramsey បានទទួលរងរបួសសរសៃពួរនៅក្នុងអំឡុងការប្រកួតនៅឯក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ក្រុម Napoli ខណ:ដែលគេនឹងត្រូវខកខានការប្រកួតរបស់ក្រុមកាំភ្លើងធំទល់នឹងក្រុម Chelsea នៅវគ្គផ្តាច់ព្រ័ត្រ ។

តែទោះជាយ៉ាងណាលោក Emery ថាវានឹងមិនអាចកើតមានរឿងអញ្ចឹងនោះទេ ប្រសិនបើ Ramsey មិនរឹងរូស ហើយស្តាប់តាមការណែនាំរបស់លោកតាំងពីដំបូង ខណ:ដែលកាលវិភាគនៃការរប្រកួតរបស់ក្រុមកំពុងតែមមាញឹកខ្លាំង ។

លើសពីនេះលោក Emery បាននិយាយថា ៖ ” ជួនកាលអ្នកមិនអាចលេងរាល់ការប្រកួតនោះទេ ជាមួយនឹងការដាក់កីឡាករដដែលៗឲ្យចូលលេង ពីព្រោះវាប្រឈមមុខខ្ពស់ ដែលអាចធ្វើឲ្យពួកគេងាយទទួលរងរបួស ” ។

លោកបន្តទៀតថា ៖ ” នៅពេលយើងលេងទល់នឹង Napoli , Ramsey បានទទួលរងរបួស ។ មុនពេលការប្រកួតនោះខ្ញុំមិនចង់ឲ្យគាត់លេងនោះទេ ខ្ញុំចង់ឲ្យគាត់សម្រាក ។ ប៉ុន្តែគាត់នៅតែមានះចង់លេង ទីបំផុតគាត់ក៏ទទួលរងរបួស នឹងខកខានការប្រកួតដ៏សំខាន់លើកចុងក្រោយរបស់គាត់ ” ៕

ប្រភព: Mirror